ភ្នំពេញៈ មន្ត្រីនគរបាលម្នាក់ បើករថយន្តហាយឡែនឌ័រមួយគ្រឿង បត់ឆ្វេងឆ្លងផ្លូវមិនប្រយ័ត្ន ក៏ត្រូវរថយន្ត ម៉ាកកាម៉ារី បាឡែន បើកដោយបុរសម្នាក់ ដែលជាមន្ត្រីនគរបាលដូចគ្នា បានជ្រុលទៅបុកចំហៀងគូទក្រោយ យ៉ាងពេញទំហឹង បណ្តាលឲ្យរថយន្តទាំងពីរគ្រឿង រងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនមានគ្រោះថ្នាក់ដល់មនុស្ស។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ជិតនិងវិទ្យាល័យទួលអំពិល ផ្លូវ២១៧ កែងនិងផ្លូវបេតុង អត់លេខ ភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ។
តាមប្រភពព័ត៌មានពីកន្លែងកើត បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ ដែលគេស្គាល់ថាជាមន្ត្រីនគរបាលពន្លត់អគ្គិភ័យអាយុប្រហែលជាង៤០ឆ្នាំ បានបើករថយន្តម៉ាក ហាយឡែនឌ័រ មួយគ្រឿងពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2W 8952 បានធ្វើដំណើរតាមផ្លូវ ២១៧ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុ បានបត់ឆ្វេងឆ្លងចូលទៅតាមផ្លូវ បេតុងអត់លេខ លុះរថយន្តបត់ឆ្លងបានពាក់កណ្តាលផ្លូវ ក៏ស្រាប់តែមានបុរសម្នាក់ទៀត ដែលគេស្គាល់ថា ជាមន្ត្រីនគរបាលដូចគ្នា វ័យប្រហែលជាង៣០ឆ្នាំ បានបើករថយន្តម៉ាក កាម៉ារីបាឡែនមួយគ្រឿងពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AB -4219 បានធ្វើដំណើរតាមផ្លូវ ២១៧ក្នុងទិសដៅពី ត្បូងទៅជើង ក្នុងល្បឿនលឿន ចាប់ហ្វ្រាំងមិនទាន់បានជ្រុលទៅបុក និងរថយន្តហាយឡែនឌ័រ ចំចំហៀង ខាងស្តាំយ៉ាងពេញទំហឹង បណ្តាលឲ្យរថយន្ត ហាយទ្បែនឌ័រ រងការខូចខាត ក្រពិតគូថក្រោយចំហៀងខាងស្តាំ និងវៀចកង់ក្រោយ និងរថយន្តកាម៉ារីបាឡែនវិញ រងការខូចខាត ខ្ទេចខ្ទីផ្នែកខាងមុខយ៉ាងដំណំ តែមិនមានគ្រោះថ្នាក់ដល់មនុស្ស។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាននិងជំនាញខណ្ឌបានចុះទៅកន្លែងកើតហេតុ រួចហើយក៏បានឲ្យតំណាងភាគី ទាំងសង្ខាងសម្របសម្រួលគ្នាម្តងទៀត ហើយណាមួយដោយសារតែ អ្នកទាំងពីរ គឺជាកងកម្លាំងដូចគ្នា គឺពួកគាត់សុខចិត្ត យករថយន្តទៅជួសជុលរៀងៗខ្លួន ដើម្បីបញ្ចប់រឿង៕









មតិយោបល់