ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ៣នាក់ ដែលពាក់ព័ន្ធករណីធ្វើសកម្មភាពលួចកាច់កម៉ូតូឆ្លងខេត្តយ៉ាងសកម្ម!

បាត់ដំបង: ផ្តើមចេញពីការយកចិត្តទុកដាក់របស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបង ក៏ដូចជាលោក ឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងនគរបាលទទួលបន្ទុកផែនយុត្តិធម៌ និងមានការសម្របសម្រួលពីលោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង។ ចុះបង្ក្រាបករណី អំពើលួចមានស្ថានទម្ងន់ទោស ” កាច់សោរម៉ូតូ “។

នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចមុខក្លោងទ្វារមន្ទីរពេទ្យពរពី ស្ថិតក្នុងភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ក្រុមអន្តរាគមន៍ បង្ការបង្ក្រាប ដឹកនាំផ្ទាល់ដោយលោកអនុសេនីយ៍ឯក ឈឿង គឹមសុង បានចុះកិច្ចប្រត្តិបត្តិការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ពេជ្រ សុខា ហៅ ទោ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ក្រោយពីធ្វើការសាកសួរ ឈ្មោះ ពេជ្រ សុខា បានឆ្លើយសារភាពថា ខ្លួនមានបក្សពួកចំនួន២នាក់ទៀត ម្នាក់នៅខេត្តបន្ទាយមានជ័យ និងម្នាក់ទៀតនៅខេត្តសៀមរាប ក្រោយមកក្រុមបង្ការបង្ក្រាប បានសហការជាមួយនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដែលមានលោកប្រធានការិយាល័យដឹកនាំកម្លាំងចុះប្រតិបត្តិការផ្ទាល់ នៅវេលាម៉ោង៣និង៣០នាទី ទៀបភ្លឺ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ ត្រង់ចំណុចបេនឡាន ក្រុងសេរីសោភ័ណ្ឌ ស្ថិតក្នុងភូមិ១៣ សង្កាត់សេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។ ក្រុមបង្ការបង្ក្រាបបានសហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌ នៃស្នងការខេត្តបន្ទាយមានជ័យ បានបន្តឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ដែលមានឈ្មោះ ម៉ែន ភាព ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅមិនពិតប្រាកដ រហូតដល់វេលាម៉ោង៧ថ្ងៃដដែល ត្រង់ចំណុចមុខស្ថានីយ៍ប្រេងឥន្ធន:តូតាល់ ស្ថិតក្នុងក្រុមទី៣ ភូមិវត្តបូព៌ សង្កាត់សាលាកម្រើក ក្រុងសៀមរាម ខេត្តសៀមរាប បានឃាត់ខ្លួន ជនសង្ស័យម្នាក់ទៀតឈ្មោះ ឃត់ ខយ ភេទប្រុស អាយុ៣១ឆ្នាំមានទីលំនៅមិនពិតប្រាកដ។

សម្ភារ:ដកហូតរួមមាន កន្រ្តៃដែកពណ៌សចំនួន១ ដែករាងអក្សរ តេ សំរាប់ធ្វើសកម្មភាពកាច់សោរ ចំនួន២ និងឧបករណ៍សំរាប់កាច់មេសោរចំនួន៤ទៀតផងដែរ។

ក្រោយពីការស៊ើបអង្កេតការងារស្តាប់ចម្លើយ របស់ឈ្មោះ ពេជ្រ សុខា ហៅ ទោ បានឆ្លើយថា ខ្លួនបានចូលរួមធ្វើសកម្មភាព កាច់សោរម៉ូតូ មួយគ្រឿង ម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ដែលមានស្លាកលេខ បាត់ដំបង 1V-9717 នៅចំណុចភោជនីយដ្ឋាន យីហោ ទីក្រុងអាន់ឆ័រ១ ដែលស្ថិតនៅភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ពិតប្រាកដមែន។

ការស្តាប់ចម្លើយរបស់ឈ្មោះ ម៉ែន ភាព ភេទប្រុស អាយុ៤២ឆ្នាំ ដោយខ្លួនបានឆ្លើយថា ខ្លួនបានធ្វើសកម្មភាពកាច់សោរ ក ម៉ូតូចំនួន ៤ខេត្ត ក្នុងនោះខេត្តទី១គឺ ខេត្តឧត្តរមានជ័យ ខ្លួនបានធ្វើសកម្មភាពចំនួន១០លើក ២ខេត្តសៀមរាប ខ្លួនបានធ្វើសកម្មភាព៦លើក ៣ខេត្ត បន្ទាយមានជ័យ ខ្លួនបានធ្វើសកម្មភាពចំនួន៤លើក និងទី៤ខេត្ត បាត់ដំបង ខ្លួនបានធ្វើសកម្មភាពចំនួន១លើក នៅចំណុចភោជនីយដ្ឋាន យីហោ ទីក្រុងអាន់ឆ័រ១ ដែលស្ថិតនៅភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ដែលមានស្លាកលេខ បាត់ដំបង 1V-9717។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់នោះការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់