កំពង់ស្ពឺៈ លោកអធិការរងស្រុកសំរោងទង ទទួលផ្នែកព្រហ្មទណ្ឌ បានប្រាប់ Post Newsថា មានករណីលង់ទឹកមួយ បានកើតឡើង ខណៈដែលស្រ្តីម្នាក់ បានអុំខ្ទះត្នោតលេងនៅត្រពាំងទឹកខាងត្បូងមណ្ឌល បណ្តាលឲ្យលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិត្រពាំងតាឡាត់ ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ជនរងគ្រោះមានឈ្មោះ ជ័យ សុភី ភេទស្រី អាយុ១៧ឆ្នាំ ស្នាក់នៅក្នុងមណ្ឌលកុមាជ័យ ស្ថិតនៅភូមិឃុំកើតហេតុ។
នៅមុនពេលកើតហេតុ ជនរងគ្រោះ បានអុំខ្ទះត្នោតនៅត្រពាំងទឹកខាងត្បូងមណ្ឌល បន្ទាប់មកបានក្រឡាប់ខ្ទះបណ្តាលឲ្យលង់ទឹក រួចក៏ត្រូវបានអ្នកគ្រប់គ្រងមណ្ឌលដឹកយកទៅព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ តែជាអកុសលជនរងគ្រោះបានស្លាប់បាត់ទៅហើយ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅធ្វើកោសល្យវិច័យ រួចសន្និដ្ឋានថា ជនរងគ្រោះពិតជាបានស្លាប់ ដោយសារលង់ទឹកបា្រកដមែន ចំណែកសាកសពប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់