ព័ត៌មានជាតិ

មិត្តស្លាប់រស់មែន! ស្រវឹងបបួល​ដើរ​លេង​មិន​ទៅ ​ទាញ​កាំបិត​មក​ចាក់​ហ្មង

ភ្នំពេញៈ ជនសង្ស័យ​ម្នាក់​ ក្រោយពី​ផឹកស៊ី​ស្រវឹង​ជោកខ្លួន រួចបាន​បបួល​បុរស​ម្នាក់​ទៀត​ដែល​ជា​មិត្តភក្តិ​នាំ​គ្នា​ទៅ​ដើរ​លេង ប៉ុន្តែ​ដោយសារ​មិន​ព្រមទៅ​ជាមួយ​ក៏​ទាញ​កូនកាំបិត​ចាក់​បណ្តាល​ឲ្យ​រង​របួសធ្ងន់ ។

ករណី​នេះ​បង្កឲ្យមានកាភ្ញាក់​ផ្អើ​លកាលពី​ម៉ោង​១១​និង​៤០​នាទី​យប់​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅក្នុង​ការដ្ឋាន​សំណង់ ក្នុងភូមិ​ជង្រុក សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យខាងលើមាន​ឈ្មោះ ​ទី សំណាង អាយុ​៣៨​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅ​កន្លែង​កើតហេតុ​ខាងលើ មានស្រុក​កំណើត​ភូមិ​ពោ​ក​កក់​ ឃុំ​កំពង់​ពោធិ៍ ​ស្រុក​ក្រគរ​ខេត្តពោធិ៍សាត់ ។ ចំណែកជន​រង​គ្រោះមាន​ឈ្មោះ​ប្រាក់ ឡុ​ញ អាយុ​៣៦​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅ​ក្នុង​ការដ្ឋាន​សំណង់ ភូមិ​ជង្រុក សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ ដោយមានស្រុក​កំណើត​ភូមិ​ពោ​ក​កក់ ឃុំ​កំពង់​ពោធិ៍ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ។

តាមសម្តី​ជន​រង​គ្រោះ​បាន​ប្រាប់​ថា តាម​ពិត​ខ្លួន និង​ជន​បង្ករត្រូវ​ជា​មិត្តភក្តិ ហើយ​មានស្រុក​កំណើត​នៅខេត្ត​ជាមួយ​គ្នា បុរស​រង​គ្រោះ​បាន​ប្រាប់​ថា មុន​កើតហេតុ ក្រោយ​ពី​សម្រាក​ពី​ការងារ​ខ្លួន និង​ជន​បង្ក​បាន​អង្គុយ​ផឹកស្រា​ថ្នាំ​ជាមួយ​គ្នា​ដោយ​មាន​កម្មករ​ផ្សេង​ទៀត​៥​ទៅ​៦​នាក់ ក្រោយ​ពី​ផឹក​ស្រវឹង​ហើយ​នោះ ជន​បង្ក​បាន​បបួល​ខ្លួន​ទៅ​ដើរ​លេង​បន្ត​ពេល​នោះ​ដោយសារ​ហត់នឿយ​ការងារ​ពី​ថ្ងៃ​ផង​នោះ ជន​រង​គ្រោះ​បាន​ប្រាប់​ថា មិន​ទៅ​ទេ​សម្រាក​យក​កម្លាំង​វិញ​ហើយ​ក៏​ដើរ​ចេញពី​វង់​ផឹក​ទៅ​ដេក មិន​នឹក​ស្មានថា​ជន​បង្ក​ខឹងសម្បា​មក​លើ​ខ្លួន​យ៉ាងនេះឡើយ ។ ខណៈ​ដែល​ខ្លួន​កំពុង​ដេក​ស្រាប់តែ​ជនសង្ស័យ​យក​កូនកាំបិត​ដែល​ទុក​ធ្វើ​ត្រី​មក​ធ្វើ​សកម្មភាព​កាប់​ត្រូវ​ជើង​ផ្នែក​ខាងឆ្វេង​មួយ​កាំ​បិតនិង​ចាក់​ត្រូវ​ខ្នង​មួយ​កាំបិត​បណ្តាល​ឲ្យ​រង​របួសធ្ងន់ ។

ចំណែក​ជនសង្ស័យ​បាន​ប្រាប់​ថា មូលហេតុ​ដែល​ខ្លួន​ចាក់​ទៅ​លើ​មិត្តភក្តិ​ខ្លួនឯង មិនមែន​ខឹង​មិន​ដើរ​លេង​ជាមួយ​ទេ​តាម​ពិត​ខឹង ជន​រង​គ្រោះ​ខាងលើ​ដៀល​ត្មេស និង​ជេរ​ម្តាយ​ខ្លួន​ក្នុង​វង់​ផឹកស៊ី​ទើប​ធ្វើខ្លួន​មានចិត្ត​ខឹង​ខ្លាំង​បែប​នេះ ។ បច្ចុប្បន្ន​ជន​បង្ក​ត្រូវ​បាន​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ៕

មតិយោបល់