ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចណ៍ដែលបង្កឲ្យមនុស្សប្រុសស្រី២នាក់បានរងរបួសធ្ងន់ធ្ងរ ខណៈដែលត្រូវរថយន្តក្រុងបើកបុកពេញទំហឹងហើយត្រូវរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗចំណែកអ្នកបើកបររថយន្តបង្ករត់គេចខ្លួនបាត់។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៤០នាទីព្រឹក ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវភ្នំពេញហាណូយ(១៩១៩)កែងនិងផ្លូវលេខ១៩៧០ ស្ថិតក្នុងក្រុម២ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពអ្នកឃើញហេតុការណ៍បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញមានជនរងគ្រោះបានជិះម៉ូតូ១គ្រឿង ម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០០៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង1L-5064 បើកបរដោយបុរសម្នាក់និងស្ត្រីម្នាក់ជាអ្នករួមដំណើរជិះពីក្រោយក្នុងទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុកន្លែងផ្លូវបំបែក ក៏មានរថយន្តក្រុង១គ្រឿងម៉ាកKIA ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ3C-2061 ដែលជាប្រភេទរថយន្តដឹកអ្នកដំណើរបើកបរក្នុងទិសដៅពីលិចទៅកើតឆ្លងផ្លូវទៅបុកនិងម៉ូតូជនរងគ្រោះពេញទំហឹង បណ្តាលឲ្យបុរសនិងស្ត្រី២នាក់រងរបួសធ្ងន់ធ្ងរ ចំណែកម៉ូតូកៀបជាប់ក្រោមរថយន្ត។
ក្រោយពីឃើញហេតុការណ៍នេះអ្នកបើកបររថយន្តក្រុងបានបើកទ្វារចុះរត់គេចខ្លួនបាត់ស្រមោល ដោយឡែកជនរងគ្រោះទាំង២នាក់ត្រូវរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ក្រោយកើតហេតុនគរបាលផ្នែកចរាចរខណ្ឌសែនសុខបានចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដើម្បីដោះស្រាយនៅពេលក្រោយ៕
មតិយោបល់