ព័ត៌មានជាតិ

កាណូតកំពង់ចម្លងអរិយក្សត្រ បុកគ្នា ប៉ះឡង់គ្រឺស័រស៊េរីទំនើប ស្លាកលេខ ភ្នំពេញ 2Z-3535ខូចខាតយ៉ាងដំណំ

ភ្នំពេញ: កាណូតដឹកអ្នកដំណើរ២គ្រឿង បានបើកបុកគ្នាពេញទំហឹងបណ្តាលឲ្យរថយន្តឡង់គ្រឺស័រមួយគ្រឿងក្រពឹត និងរងការខូចខាតយ៉ាងដំណំ ខណ:ដែលកាណូតមួយគ្រឿងរៀបចំបើកចេញ ហើយមួយគ្រឿងទៀតបើកចូលចតនៅទីនោះ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១២និង៤៥នាទីថ្ងៃត្រង់ទី២៦ ខែវិចិ្ឆកា ឆ្នាំ២០១៧ នៅកំពង់ចម្លងអរិយក្សត្រ ដែលស្ថិតនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

មុនពេលកើតហេតុ កាណូតដឹកអ្នកដំណើរមួយគ្រឿង ដែលមានឈ្មោះថា សុខ មានទ្រព្យ ដែលបានដឹកមនុស្ស រថយន្ត និងម៉ូតូជាច្រើនគ្រឿង រួមទាំងរថយន្តម៉ាកឡង់គ្រឺស័រ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2Z-3535 មួយគ្រឿងផងដែរ។ ពេលដែលកាណូតមួយគ្រឿងខាងលើកំពុងតែបញ្ឆេះម៉ាស៊ីនថយក្រោយរៀបចេញដំណើរពីច្រាំងទន្លេនោះ ក៏ស្រាប់តែមានកាណូតមួយគ្រឿងទៀតដែលមានឈ្មោះ ចន្ទមានឬទ្ធិ៥ បើកចូលមកចតក៏ជ្រុលបុកកាណូតមួយគ្រឿងនោះ ពេញទំហឹងបណ្តាលឲ្យបាក់បង្កាន់ដៃ និិងជ្រុលទៅបុករថយន្តមួយគ្រឿងខាងលើ បណ្តាលឲ្យក្រពឹតរងការខូចខាតយ៉ាងដំណំតែម្តង។

ក្រោយពេលកើតហេតុ កម្លាំងមានសមត្ថកិច្ចក៏បានហៅភាគីកាណូតបង្ក និងរថយន្តម៉ាកឡង់គ្រឺស័រទៅធ្វើការដោះស្រាយគ្នានៅនគរបាលប៉ុស្តិ៍ចតុមុខ ដោយភាគីខាងកាណូតបង្កយល់ព្រមយករថយន្តរងគ្រោះទៅធ្វើការជួសជុលឲ្យជាការបញ្ចប់រឿងផងដែរ៕

មតិយោបល់