ព័ត៌មានជាតិ

ឆក់ទូរសព្ទ័គេចខ្លួនបាន៣ថ្ងៃ សមត្ថកិច្ចក្របួចជាប់

ភ្នំពេញៈ ជនស្ស័យម្នាក់ក្នុងចំណោមបក្ខពួក០៣នាក់ បានធ្វើសកម្មភាពឆក់ទូរសព្ទ័ដៃមួយគ្រឿង ម៉ាក Iphone 6 ពីជនរងគ្រោះម្នាក់បានសម្រេច ហើយក៏បានរត់គេចខ្លួនបាន០៣ថ្ងៃ ក្រោយមកត្រូវប្រជាពលរដ្ឋ ចាប់ប្រគល់ឲ្យសមត្ថកិច្ច កាលពីវេលាម៉ោង ៤និង០០នាទីរសៀល ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចច្រាំងទន្លេសាប ខាងក្រោយប៉ុស្តិ៍ទួលសង្កែ ក្រុមទី១៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។

ជនសង្ស័យឈ្មោះ ពៅ រី ហៅ កូកា ភេទ ប្រុស អាយុ ២៤ឆ្នាំ ស្នាក់នៅនិងមុខរបរ មិនពិតប្រាកដ, ទី២ ឈ្មោះ ព្រឿង សារ៉ាត់ ភេទ ប្រុស អាយុ ២១ឆ្នាំ ស្នាក់នៅនិងមុខរបរ មិនពិតប្រាកដ (បានរត់គេចខ្លួន) និងទី៣ ឈ្មោះ លន់ វង្ស ភេទ ប្រុស អាយុ ២៥ឆ្នាំ ស្នាក់នៅនិងមុខរបរ មិនពិតប្រាកដ (បានរត់គេចខ្លួន) ។ ចំណែកឯជនរងគ្រោះ បន្ទាប់ពីកើតហេតុមិនបានដាក់ពាក្យបណ្តឹងនោះទេ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង ១០និង០០នាទីយប់ ជនរងគ្រោះបានដើរតាមផ្លូវជាតិលេខ៥ ពីត្បូងទៅជើង ខណៈដើរមកដល់ចំណុចកើតហេតុខាងលើ មុខសាលាប៊ែលធី ស្រាប់តែមានជនសង្ស័យ០៣នាក់មកឆក់ទូរសព្ទ័ដៃ មួយគ្រឿង ម៉ាក IPhone 6 ភ្លាមៗនោះ ជនរងគ្រោះបានស្រែកឲ្យគេជួយផង មានចោរឆក់ៗ ហើយក៏បានដេញតាមពីក្រោយ ខណៈពេលនោះ ជនសង្ស័យក៏បានរត់ចូលខាងក្រោយប៉ុស្តិ៍ទួលសង្កែគេចខ្លួនបាត់តែម្តង។

ក្រោយពីកើតហេតុ ជនរងគ្រោះក៏បានហៅគ្នាជិត ១០នាក់ ជិះរថយន្ត មួយគ្រឿង និងម៉ូតូផង ប្រដាប់ដោយអាវុធខ្លីមកវាយក្មេងៗដែលកំពុងលេងឈួសនៅចំណុចកើតហេតុខាងលើ បណ្តាលឱ្យរបួសបែកក្បាលដេរអស់ ៤ថ្នេរ ហើយក៏គេចខ្លួនបាត់ ដោយមិនបានសួរនាំអ្វីឡើយ។

លុះមកដល់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៦ នៅវេលាម៉ោង ៤និង០០នាទីរសៀលខាងលើ ម្តាយឪពុកដែលគេវាយកូនរបស់ខ្លួន បណ្តាលឲ្យរបួសនោះ បានស្គាល់មុខជនសង្ស័យច្បាប់ ពេលនោះ ក៏បានចាប់ឃាត់ខ្លួន ហើយស្វាគមន៍ម្នាក់មួយដៃមួយជើង រួចទើបប្រគល់ឲ្យសមត្ថកិច្ច។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចចាប់បញ្ជូនខ្លួនទៅឃុំជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

photo_2016-06-08_09-29-32photo_2016-06-08_09-29-38photo_2016-06-08_09-29-42photo_2016-06-08_09-29-47photo_2016-06-08_09-29-52

មតិយោបល់