ភ្នំពេញៈ មិនដូចជាសព្វមួយដងឡើយ នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆកា ឆ្នាំ២០១៧នេះ តុលាការក្រុងភ្នំពេញដែលជាស្ថាប័នសាធារណៈរបស់រដ្ឋ មិនត្រូវបានអនុញ្ញាត ឱ្យអ្នកសារព័ត៌មាន ចូលឡើយ។
លោកនគរបាលស័ក្តិ៤ ហង្ស វីរៈ ជាប្រធានការិយាល័យសណ្ឋាប់ធ្នាប់ប្រចាំតុលាការក្រុងភ្នំពេញ បានបញ្ជាក់ថា ករហាមអ្នកសារព័ត៌មាន មិនឱ្យចូលបរិវេនតុលាការនេះ លោកក៏មិនបានដឹងច្បាស់ពីមូលហេតុដែរ ពោលគឺធ្វើឡើងតាមបទបញ្ជាផ្ទាល់មាត់របស់លោកស័ក្តិ៤កន្លះ ឈ្មោះ សុខ រិទ្ធ ជាអុនប្រធានការិយាល័យសណ្ឋាប់ធ្លាប់តុលាការ ដែលជាកូនចៅលោកតែប៉ុណ្ណោះ។
យោងតាមសម្លេង របស់លោកស័ក្តិ៤កន្លះ ឈ្មោះ សុខ រិទ្ធ ដែលបញ្ជាតាមវិទ្យុទាក់ទង គឺលោកអះអាងថា ថ្ងៃនេះតុលាការមានការសំខាន់ ដូច្នេះ មិនអនុញ្ញាតឱ្យ អ្នកកាសែតចូលបរិវេនតុលាការនោះទេ។
ពាក់ព័ន្ធបញ្ហា បណ្តេញអ្នកកាសែតចេញពី បរិវេនតុលាការនេះ យើងបានទាក់ទងសុំការបំភ្លឺពីលោក តាំង ស៊ុនឡាយ ប្រធានសាលាដំបូងរាជធានីភ្នំពេញ តាមទូរស័ព្ទ ប៉ុន្តែលោកមិនមទទួល។
ចំណែកលោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញក៏មិនបានឆ្លើយតបសំនួររបស់យើងដែរ ពាក់ព័ន្ធបញ្ហានេះ។
លោក ខៀវ កូឡា អ្នកនាំពាក្យក្លឹបអ្នកកាសែតកម្ពុជា បានមានប្រសាសន៍តាម ទូរស័ន្ទថា ករណីហាមប្រាមអ្នកសារព័ត៌មាន មិនឱ្យចូល ឬទទួលបានព័ត៌មាន នៅក្នុងបរិវេនតុលាការ បែបនេះ ក្នុងក្លឹបអ្នកកាសែតកម្ពុជា បានសម្រេចនៅក្នុង វេទិកា និពន្ធនាយកលើកទី១៤កន្លងទៅ គឺនឹងអំពាវនាវដល់មន្ត្រីពាក់ព័ន្ធនិងធ្វើការរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដើម្បីឱ្យពិនិត្យមើលកិច្ចការងារនេះ។
លោកថា ប្រធានក្រុមប្រឹក្សាជំនុំជម្រះ មានសិទ្ធិអនុញ្ញាត ឬមិនអនុញ្ញាត ឱ្យអ្នកសារព័ត៌មាន ចូលស្តាប់ក្នុងបន្ទប់សវនាការ បានដោយយោងតាមច្បាប់បញ្ញត្តិ។
យោងតាមមន្ត្រី និងក្រុមនគរបាល យាមតុលាការក្រុងភ្នំពេញ បានបង្ហើបថា លោកស័ក្តិ៤កន្លះ ឈ្មោះ សុខ រិទ្ធ ជាមនុស្សជំនិតរបស់លោក យ៉េត ចរិយា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងក្រុងភ្នំពេញ និងជានគរបាលដែលមានឥទ្ធិពលម្នាក់នៅក្នុងស្ថាប័នមួយនេះ ដូច្នេះអ្នកណាក៏គោរពបទបញ្ជាលោកដែរ៕
មតិយោបល់