ព័ត៌មានជាតិ

ក្រុមចោរវ័យក្មេង! ឆក់កាបូបស្ពាយបានហើយរត់មិនរួច ជាប់ខ្នោះបានសម្រេច!

ភ្នំពេញ: ជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍បឹងកក់ទី១ឃាត់ខ្លួនបានបន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបស្ពាយពីនារី២នាក់បានសម្រេចហើយរត់គេចខ្លួនមិនរួច។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង ៤០នាទីព្រឹក ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវ៥២៨ កែង៣៣៥ ក្រុម២៥ ភូមិ៧ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនសង្ស័យមានទី១ឈ្មោះ លឹម អឿង ភេទប្រុស អាយុ១៦ឆ្នាំ ស្នាក់នៅម្តុំវត្តសំរោងអណ្តែត ខណ្ឌសែនសុខ។ ទី២ឈ្មោះ ហេង សុភ័ក្រ ភេទប្រុស អាយុ១៥ឆ្នាំ ។ ម៉ូតូដែលជនសង្ស័យទាំង២នាក់ជិះធ្វើសកម្មភាពឆក់នោះម៉ាកនិច ពណ៌ស ពាក់ស្លាលេខភ្នំពេញ1GH 1138។

ចំណែកនារីរងគ្រោះមានឈ្មោះ ហេង ជូឡេង ភេទស្រី អាយុ២៥ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន ស្នាក់នៅភូមិទ្រាទី២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

រួមដំណើរជាមួយប្អូនស្រីម្នាក់ទៀតមិនត្រូវបានស្គាល់ឈ្មោះនោះទេ។
រីឯម៉ូតូដែលជនរងគ្រោះទាំង២នាក់ជិះម៉ាកគុប ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ1BM 1593។

ប្រភពពត៌មានពីនារីរងគ្រោះបានឲ្យដឹងថានៅមុនពេលកើតហេតុគាត់បានជិះម៉ូតូខាងលើឌុបប្អូនស្រីទៅយកអាហារូបករណ៍ ខណ:មកដល់កន្លែងកើតហេតុគាត់បានឈប់ម៉ូតូពិភាក្សាជាមួយប្អូនស្រីរកផ្លូវដែលត្រូវជិះបន្តព្រោះភ្លេចផ្លូវដែលត្រូវទៅ ខណ:នោះក៏មានជនសង្ស័យទាំង២នាក់ខាងលើជិះម៉ូតូម៉ាកនិចបានធ្វើសកម្មភាពឆក់កាបូបស្ពាយពីគាត់បានសម្រេចហើយជិះគេចខ្លួនបានមួយភ្លែតក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានតែម្តង។

ក្រោយពេលកើតហេតុជនសង្ស័យត្រូវបានបញ្ជូនទៅផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីសាកសួនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់