ព័ត៌មានជាតិ

ស្លុតចិត្ត មិនគួរណាសោះ! បុរសម្នាក់ មុតកាំបិតខ្វែវ ហូរឈាមដល់ខ្សោះ បណ្ដាលឲ្យស្លាប់យ៉ាងទាន់ហន់

កំពង់ធំ: កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ ត្រង់ចំណុចតំបន់អណ្ដូងតាមែង ក្នុងភូមិថ្នល់ ឃុំទួលគ្រើល ស្រុកបា្រសាទបល្ល័ង្ក មានករណីបុរសម្នាក់ មុតកាំបិតខ្វែវ រហូតស្លាប់បាត់បង់ជីវិត។

បុរសម្នាក់ សុំម៉ូតូអ្នករួមការងារជិះទៅត្រួសស្មៅជាមួយគ្នា ម្ចាស់ម៉ូតូឲ្យស្រាយកាំបិតខ្វែវ ដែលចងភ្ជាប់នៅកែបម៉ូតូចេញសិន តែជនរងគ្រោះថា៖ មិនបាច់ស្រាយទេជិះពីលើដងកាំបិតក៏បានដែរ។ លុះទៅដល់កន្លែងត្រួសស្មៅ ជនរងគ្រោះល់កជើងស្ដាំចុះ ពីលើម៉ូតូ បណ្ដាលឲ្យមុតកាំបិត រយះសាច់ភ្លៅខាងស្ដាំ និងបានដាច់ខ្យល់ស្លាប់នៅលើរថយន្តសង្រ្គោះ ពេលដឹកទៅមន្ទីរពេទ្យ ។

សពជនរងគ្រោះ ឈ្មោះ ជា ជុំ ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកយាមចម្ការកៅស៊ូក្រុមហ៊ុន រស់នៅភូមិសាលាវិស័យ (ភូមិធ្លក) ឃុំសាលាវិស័យ ស្រុកបា្រសាទបល្ល័ង្ក។

ដំណើររឿង៖ នៅវេលាម៉ោង៧និង១០នាទីថ្ងៃកើតហេតុ ជនរងគ្រោះ បានមកសុំម៉ូតូឈ្មោះសូត្រ ចេត្រ ជិះពីក្រោយ ដោយឈ្មោះសូត្រ ចេត្រ បាននិយាយថា៖ជិះក៏ជិះទៅ តែស្រាយកាំបិតខ្វែវ ដែលចងភ្ជាប់នៅកែបម៉ូតូចេញសិន ជនរងគ្រោះថា៖ មិនបាច់ស្រាយទេ ជិះពីលើដងកាំបិតខ្វែវក៏បានដែរ។

លុះទៅដល់គោលដៅ ពេលឈប់ម៉ូតូ ជនរងគ្រោះ បានលើកជើងស្ដាំចុះពីលើម៉ូតូ ទាក់ជើងជាមួយនឹងមុខកាំបិតខ្វែវ ក៏ដួលទៅលើដី ជាមួយនឹងស្នាមមុតកាំបិតរយះសាច់ភ្លៅខាងស្ដាំ។

ភ្លាមៗនោះ អ្នកជិតនោះ បានទូរស័ព្ទហៅឡានមកដឹកយកទៅមន្ទីរពេទ្យ តែអកុសលជនរងគ្រោះបានដាច់ខ្យល់ស្លាប់ លើឡានបាត់ទៅហើយ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ច បានចុះដល់ទីតាំងខាងលើ ធ្វើការត្រួតពិនិត្យសាកសព សន្និដ្ឋានថា ជនរងគ្រោះ ដោយសារមុតនឹងកាំបិតខ្វែវ ហូរឈាមដល់ខ្សោះ ទើបបណ្តាលឲ្យស្លាប់ រួចក៏ប្រគល់សពជូនក្រុមគ្រួសារ យកធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់