ព័ត៌មានជាតិ

មានចឹងទៀត! ជិះម៉ូតូឌុបដើរលេង ឃើញម៉ូតូគេទុកចោល ចូលទៅលួច ចុងក្រោយជាប់ខ្នោះ​

បន្ទាយមានជ័យៈ ​ កាលពីវេលាម៉ោង​១២​និង​៣០នាទី ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ នៅចំណុចម្តុំស្តង់តាងួន ស្ថិតនៅភូមិគីឡូត៍ម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការបង្រ្កាបករណី​​លួច(ម៉ូតូ) និងឃាត់ខ្លួនជនសង្ស័យបានម្នាក់​។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឲ្យដឹងថា ៖ យោងតាមពាក្យបណ្តឹងរបស់ជនររងគ្រោះ ឈ្មោះ ស៊ុន មាឌ ភេ ប្រុស អាយុ ៣៦ឆ្នាំ បច្ចុប្បន្នរស់នៅភូមិ/សង្កាត់កើតហេតុខាងលើ។
យោងតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ស្តីពីការពង្រឹងសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងបង្រ្កាបឲ្យបានទាន់ពេលវេលា រាល់បទល្មើសដែលកើតមានឡើងក្នុងភូមិសាស្រ្ត និងដោយទទួលបានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកបានដឹកនាំកម្លាំងចុះធ្វើការស្រាវជ្រាវរកមុខសញ្ញាប្រព្រឹត្តបទល្មើស រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ​ឈ្មោះ ជា សាមឌី ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅស្ថិតនៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ក្នុងនោះ​ដកហូតវត្ថុតាងរួមមាន៖ ម៉ូតូម៉ាក ZOOMER-X ពណ៌ស លាយក្រហម ចំនួន​១គ្រឿង , កូនសោម៉ូតូ​ចំនួន​២គ្រាប់​។

បន្ទាប់ពីធ្វើការឃាត់ខ្លួន និងទទួលបានចម្លើយសារភាពរបស់ជនសង្ស័យ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង ទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង ទទួលការងារយុត្តិធម៌ បានបញ្ជាក់ឲ្យដឹងថា ៖ ក្រោយពីធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ វេលាម៉ោងប្រមាណ ០៣ និង ៣០នាទី រូបគេបានជិះម៉ូតូឌុបទៅលេងម្តុំស្តង់តាងួន ស្រាប់តែឃើញម៉ូតូ ​១គ្រឿងទុកចោលនៅខាងក្រៅបន្ទប់ ក៏ចូលទៅធ្វើសកម្មភាពលួចតែម្តង។ ហើយបានជិះបន្តទៅកន្លែងស្ងាត់ដើម្បីដោះស្លាកលេខម៉ូតូបោះចោល លុះដល់វេលាម៉ោងប្រមាណ ១២ និង ០០នាទី បានជិះម៉ូតូដែលខ្លួនលួចបានក្នុងគោលបំណងទៅចាក់ភ្នាល់បាល់ ពេលទៅដល់កន្លែងចាក់ភ្នាល់បាល់ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ បានបញ្ជាក់ទៀតថា ៖ ផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ យោងតាមរបាយការណ៍របស់មូលដ្ឋានកងរាជអាវុធហត្ថក្រុង និងយោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ឃើញថាមានតម្រុយពិរុទ្ធភាពនៃបទល្មើសជាក់លាក់ ជនសង្ស័យខាងលើ អាចត្រូវចោទពីបទ លួច(ម៉ូតូ) បច្ចុប្បន្ន កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង ទៅតុលាការដើម្បីចាត់ការទៅតាមនីតិវិធី ។ ចំណែកម៉ូតូ ចំនួន​១គ្រឿង កម្លាំងជំនាញកងរាជអាវុធហត្ថ បានប្រគល់ជូនទៅម្ចាស់ដើមវិញហើយ៕

មតិយោបល់