ក្រចេះៈ អគ្គីភ័យកើតឡើងដោយទុស្សេរចរន្តអគ្គិសនីឆេះលេបត្របាក់លំនៅឋានពលរដ្ឋនៅស្រុកឆ្លូងផ្ទះឈើប្រកក្បឿងអស់៣ខ្នងផ្ទះកាលពីរសៀលថ្ងៃទី១៩ ខែកុម្ភះ ឆ្នាំ២០២០ ដែលស្ថិតនៅក្បែរៗគ្នា ក្នុងភូមិឈ្នៃ ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ។
ក្រៅពីមានផ្ទះឈើធំៗ៣ខ្នងបានរងការឆេះម៉ដ្ឋ នោះអគ្គីភ័យក៏បានឆេះរាលដាល ដល់ជញ្ជាំផ្ទះ២ខ្នងទៀតដែលនៅក្បែរនោះផងដែរ តែត្រូវរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាន និងអធិការដ្ឋានចេញជួយបាញ់ពន្លត់និងទប់ស្កាត់ទាន់ពេល។
លោកឧត្តមសេនីយ៍ត្រីច្រឹង ផល្លី ស្នងការរងនិងលោកវរសេនីយ៍ឯក ឆុង តូរ៉ាន់ អធិការនគរបាលស្រុកឆ្លូង បានដឹកនាំរថយន្តពន្លត់អគ្គីភ័យខេត្តនិងស្រុកចុះជួយអន្តរាគមន៍ដោយប្រើប្រាស់ទឹកអស់ជាច្រើនឡាន។
នគរបាលបានកំណត់ជាជំហានដំបូងថា គ្រោះអគ្គីភ័យនេះគឺផ្តើមដោយសារទុស្សេចរន្តអគ្គិសនី ខណះមានផ្ទះខ្លះត្រូវបានចាក់សោរ ដោយម្ចាស់ផ្ទះមិននៅ។
មហន្តរាយដោយអគ្គីភ័យនេះ មិនបណ្តាលអោយមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សនោះទេ គឺមានតែសម្ភាៈ របស់របរប្រើប្រាស់ និងលុយកាក់អស់ជាច្រើនម៉ឺនដុល្លារត្រូវបានបាត់បង់ក្នុងហេតុការណ៍មួយនេះ៕
មតិយោបល់