ព័ត៌មានជាតិ

ប៉ះពាល់ដល់សុខភាពខ្លាំងណាស់! អគ្គនាយកដ្ឋានកាំកុងត្រូល រកឃើញផលិតផលខូចគុណភាព មានដូចជា…

សៀមរាបៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ មន្រ្តីកាំកុងត្រូលសាខាខេត្តសៀមរាប ចុះពិនិត្យ និងឃ្លាំពិនិត្យទំនិញនៅផ្សារបន្ទាយស្រី និងនៅតាមផ្ទះជុំវិញ នៃផ្សារបន្ទាយស្រី ស្ថិតក្នុងឃុំខ្នាសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

ដោយបានធ្វើតេស្តបឋម (Test Kit) ទៅលើម្ហូបអាហារមួយចំនួន រួមមាន អំបិល ប្រហិតសាច់ជ្រូក ប្រហិតសាច់គោ ប្រហិតសាច់ត្រី ប្រហិតក្តាម ប្រហិតបង្គា សាច់ប៉ាតេ សរសៃគុយទាវ ខ្ញីហាន់ស្រាប់ សណ្តែកបណ្តុះ ត្រពាំងជ្រក់ និងស្ពៃជ្រក់ រួចមក ជាលទ្ធផលនៃការធ្វើតេស្តបឋមគឺទទួលបានលទ្ធផលល្អ ដោយអំបិលមានអ៊ីយ៉ូតល្អ និងពុំបានរកឃើញមានសារធាតុគីមីហាមឃាត់ដូចជា Borax, Salicylic Acid និងម្សៅស Sodium Hydrosulfite នៅក្នុងម្ហូបអាហារទាំងនោះឡើយ ។

ចំពោះការពិនិត្យមើលលើម្ហូបអាហារវេចខ្ចប់រួច ពិនិត្យឃើញមានផលិតផលមួយចំនួនប្រែប្រួលខូចគុណភាព ហួសកាលបរិច្ឆេទកំណត់ប្រើប្រាស់ ហើយត្រូវបានសាខាធ្វើកំណត់ហេតុដកហូត យកមករក្សាទុក ដើម្បីស្នើសុំគោលការណ៌កម្ទេចចោលនៅពេលក្រោយ ។

ផលិតផលខូចគុណភាពដែលបានដកហូតរួមមាន ៖ ទឹកក្រូចដបជ័រចម្រុះ, ភេសជ្ជៈ ស្ទីង,ទឹកដោះគោខាប់, ទឹកស៊ីរ៉ូ, ទឹកស៊ីអ៊ីវ, ទឹកប៉េងប៉ោះ, ទឹកសៀង, ស្ពៃកំប៉ុង ,ដំឡូងបារាំងកំប៉ុង និង យីហ៊ឺកញ្ចប់ សរុបមានទម្ងន់៥២.៣៥គីឡូក្រាម។

ទន្ទឹមនោះក្រុមការងារ ក៏បានចែកផ្សាយនូវ រូបភាព Poster និង ផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ និងអ្នកប្រើប្រាស់ ឲ្យបានយល់ ដឹងអំពីផលវិបាកដែលបណ្តាលមកពីការបរិភោគអាហារហួសកាលបរិច្ឆេទកំណត់ប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមីហាមឃាត់ចូលក្នុងម្ហូបអាហារ ។

មតិយោបល់