ព័ត៌មានជាតិ

លទ្ធផលលឿនពេក! ជិះម៉ូតូ ទៅបុករថយន្តដឹកសំរាមសុីនទ្រីពេញទំហឹង របួសធ្ងន់២នាក់ដេកស្តូកលើដងផ្លូវ

ភ្នំពេញៈ យុវជន២នាក់ បានរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ខណៈដែលជិះម៉ូតូឌុបគ្នាក្នុងល្បឿន ពេលដល់ចំណុចផ្លូវបំបែកជាបួនមិនបន្ថយល្បឿនក៏ជ្រុលបុករថយន្តសុិនទ្រីពីចំហៀងពេញទំហឹង។

ហេតុការណ៍នេះកើតឡើងនៅម៉ោង១និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចផ្លូវលេខ១៩៩ កែងផ្លូវលេខ៣៨៨ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ចំណែករថយន្តស៊ីនទ្រី បានព្យាយាមបើករត់រហូតដល់ផ្សារអូរឡាំពិក ទើបសមត្ថកិច្ចដេញឃាត់បានភ្លាមៗ។

មុនពេលកើតហេតុ គេឃើញរថយន្តស៊ីនទ្រី គ្មានស្លាកលេខ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៩៩ ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានយុវជន២នាក់ ជិះម៉ូតូម៉ាកហុងដា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1CD-3014 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៣៨៨ ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿនដោយចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលបុកចំកង់រថយន្តចំហៀងខាងស្តាំផ្នែកខាងក្រោយ បណ្តាលឲ្យដួលបោកក្បាលរងរបួសធ្ងន់។ ភ្លាមៗនោះរថយន្តស៊ីនទ្រីបានបន្តដំណើរព្យាយាមបើកគេចខ្លួនតែត្រូវបានកម្លាំងល្បាតឃើញក៏ដេញឃាត់បានភ្លាមៗ។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗចំណែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចចុះធ្វើកាវាស់វែងយកទៅរក្សាទុករង់ចាំដោះស្រាយពេលក្រោយ៕

មតិយោបល់