ព័ត៌មានជាតិ

សហរដ្ឋអាមេរិក និងកម្ពុជាចាប់ផ្តើមបេសកកម្មជំនួយមនុស្សធម៌ Pacific Angel ១៦

ភ្នំពេញៈយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកដែលបានចេញផ្សាយនៅថ្ងៃទី៨ខែមិថុនា ឆ្នាំ២០១៦នេះបានឲ្យដឹងថា ដើម្បីឆ្លើយតបតាមការអញ្ជើញរបស់រាជរដ្ឋាភិបាលកម្ពុជា យោធាសហរដ្ឋអាមេរិក និងយោធាកម្ពុជានឹងធ្វើការហ្វឹកហ្វឺនផ្តល់ជំនួយមនុស្សធម៌ និងការផ្លាស់ប្តូរគ្នានូវមេរៀនជំនាញ រវាងយោធានិងយោធា ពីថ្ងៃទី ៦ ដល់ថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០១៦នៅខេត្តកំពត ជាផ្នែកមួយនៃបេសកកម្មដែលមានឈ្មោះថា Pacific Angel 2016 (បេសកកម្មទេវតា ឆ្នាំ ២០១៦ នៅតំបន់ប៉ាស៊ីហ្វិក)។

នៅក្នុងអំឡុងពេលនៃបេសកកម្មនេះ ទាហានអាមេរិក និងទាហានកម្ពុជាចំនួនប្រហែល ៨០ នាក់ រួមជាមួយនឹងទាហានមកពីប្រទេសអូស្ត្រាលី វៀតណាម និងថៃ នឹងធ្វើការជាមួយគ្នាជាដៃគូ ជាមួយនឹងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ដើម្បីផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនក្នុងខេត្តកំពត។

Pacific Angel គឺជាបេសកកម្មផ្តល់ជំនួយមនុស្សធម៌រួមគ្នា ដែលត្រូវបានធ្វើឡើងនៅតាមប្រទេសនានា នៅទូទាំងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ដោយមានការចូលរួមនិងការដឹកនាំយ៉ាងសកម្មពីកំលាំងទ័ពអាកាសរបស់សហរដ្ឋអាមេរិក។ Pacific Angel រួមមានកម្មវិធីវិស្វកម្ម ព្យាបាលជំងឺកុមារ ជំងឺភ្នែក ជំងឺមាត់ធ្មេញ និងកម្មវិធីព្យាបាលជំងឺទូទៅ ព្រមទាំងការផ្លាស់ប្តូរមេរៀនឯកទេសទាក់ទងនឹងការផ្តល់ជំនួយមនុស្សធម៌ និងជំនួយសង្គ្រោះក្នុងមហន្តរាយ។ បេសកកម្មនេះលើកកំពស់សមត្ថភាពក្នុងការផ្តល់ជំនួយមនុស្សធម៌ និងជំនួយសង្គ្រោះបន្ទាន់ ក្នុងមហន្តរាយ របស់ប្រទេសដែលចូលរួម ដោយទន្ទឹមនឹងនោះ ផ្តល់សេវាចាំបាច់ដល់ប្រជាជននៅក្នុងតំបន់ទាំងមូល។

នៅប្រទេសកម្ពុជា វិស្វករមកពីប្រទេសនានានឹងធ្វើការលើគំរោងកសាងឡើងវិញ នៅក្នុងសាលាចំនួន ៤ ក្នុងមូលដ្ឋាន និងមណ្ឌលសុខភាពចំនួន ២ នៅក្នុងក្រុងកំពត ហើយអ្នកផ្តល់សេវាសុខភាពអន្តរជាតិនឹងចុះផ្តល់សេវាសុខភាព នៅស្រុកទឹកឈូ និងស្រុកកំពង់ត្រាច នៃខេត្តកំពត។ ការផ្លាស់ប្តូរខ្លឹមសារមេរៀនឯកទេស រវាងយោធាទាំងពីរនឹងផ្តោតលើស្ថានភាពបន្ទាន់ផ្នែកសុខភាពសាធារណៈ និងការឆ្លើយតបនឹងគ្រោះមហន្តរាយ និងការផ្តល់ជំនួយមនុស្សធម៌។បេសកកម្មនេះនឹងត្រូវបញ្ចប់ជាមួយនឹងពិធីបិទ នៅថ្ងៃទី ២០ ខែមិថុនា។

តាំងពីឆ្នាំ ២០០៧ មក បេសកកម្ម Pacific Angel បានជួយកែលំអជីវិតរស់នៅរបស់ប្រជាជនរាប់ម៉ឺននាក់ នៅទូទាំងតំបន់ ដោយទន្ទឹមនឹងនោះ ធ្វើយ៉ាងណាឲ្យបណ្តាយោធានៅក្នុងតំបន់មានការត្រៀមខ្លួនជាស្រេច ក្នុងការធ្វើការជាមួយគ្នា ដើម្បីដោះស្រាយវិបត្តិមនុស្សធម៌។ នេះជាបេសកកម្ម Pacific Angel លើកទី ៤ ហើយដែលបានប្រព្រឹត្តទៅនៅកម្ពុជា៕

photo_2016-06-08_11-02-00

មតិយោបល់