ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត ព្រឹត្តិការណ៍ សំខាន់ៗ

ម៉េង កែវពេជ្ជតា កំណត់បានមុខសញ្ញាអ្នកគំរាមកំហែង

ភ្នំពេញៈ បើទោះនៅលើហ្វេសប៊ុកអ្នកនាង ម៉េង កែវពេជ្ជតា បានបង្ហោះឲ្យឃើញពីភាពស្រពិចស្រពិល នូវអត្តសញ្ញាណជនអនាមិក ដែលបានគំរាមចំពោះសុវត្ថិភាពរបស់ខ្លួននោះក៏ដោយ ក៏តារាស្រីរូបនេះ បានអះអាងថា អ្នកនាងរកឃើញមុខសញ្ញាជនដែលគំរាមកំហែងចំពោះខ្លួន គឺជាអ្នកណាហើយ។ អ្នកនាងប្រកាសទុកអវសាន្តឲ្យជនម្នាក់នោះ ដោយអះអាងថា បើនៅតែមិនព្រមភ្ញាក់ខ្លួន គឺពិតជាលេងចាស់ដៃ។

អ្នកនាង ម៉េង កែវពេជ្ជតា បានថ្លែងប្រាប់ Post News ថា ក្នុងប៉ុន្មានថ្ងៃមកនេះ មានជនអនាមិកម្នាក់ បានប្រើគណនីក្លែងក្លាយចូលមកជេរប្រមាថចំពោះអ្នកនាងយ៉ាងចាស់ដៃ រហូតបណ្ដាលឲ្យអ្នកនាងសម្រាកមិនលក់ និងមិនអាចអត់ឱនបាន។ បន្តបន្ទាប់មក ម្ចាស់គណនីមួយនេះ បានបិទ ឬ Block ចេញពីហ្វេសប៊ុករបស់អ្នកនាង ហើយបានបង្កើតគណនីថ្មី ដោយប្រើឈ្មោះ និងរូបភាពដូចគ្នានឹងគណនីរបស់អ្នកនាងបេះបិត រួចចូលមកជេរ ហើយគំរាមចង់វាយ និងជះទឹកអាស៊ីតដល់អ្នកនាង ដោយពាក្យគំរាមផ្សេងៗ ដែលធ្វើឲ្យគេមើលឃើញថា គណនីឈ្មោះ ម៉េង កែវពេជ្ជតា ចូលមកឈ្លោះជាមួយគណនីឈ្មោះ ម៉េង កែវពេជ្ជតា ដូចគ្នា។

អ្នកនាងបញ្ជាក់ថា បើទោះជាអ្នកនាងព្យាយាម Block ចោលនូវគណនីក្លែងក្លាយដែលចូលមកជេរនោះក៏ដោយ ក៏គណនីឈ្មោះ ម៉េង កែវពេជ្ជតា ថ្មីៗ ត្រូវបានបង្កើតឡើង ដើម្បីចូលមកឈ្លោះ និងគំរាមចំពោះអ្នកនាងដដែល។ អ្នកនាងនិយាយថា «ម្នាក់នឹងចូលមក គឺប្រើឈ្មោះក្លែងក្លាយ និងយករូបតាម Profile របស់ខ្ញុំទៅប្រើដូចគ្នាទាំងអស់ ហើយបើទោះជាអ្នកឯងប្រើឈ្មោះ និងរូបថតក្លែងក្លាយ តែខ្ញុំបានឲ្យគេឆែកមើលអស់ហើយ គឺអ្នកដែលចូលមកជេរខ្ញុំ និងឈ្លោះជាមួយខ្ញុំនោះ គឺមនុស្សតែម្នាក់ទេ ហើយខ្ញុំសូមបញ្ជាក់ថា ខ្ញុំស្គាល់អ្នកឯង ចង់អ្នកឯងធ្វើអីក៏ខ្ញុំឲ្យគេរកឃើញដែរ ហើយខ្ញុំមានភស្ដុតាងកុំគិតថា អ្នកនឹងធ្វើអីមកលើខ្ញុំ ហើយខ្ញុំរកមិនដឹង!»

អ្នកនាង ម៉េង កែវពេជ្ជតា បង្ហើបឲ្យដឹងទៀតថា ជនអនាមិកដែលចូលមកគំរាមកំហែងនោះ អ្នកនាងបានរកឃើញភស្ដុតាងជាច្រើន ដោយបានឲ្យអ្នកជំនាញកំណត់មុខសញ្ញា ដើម្បីធ្វើការវាយបកផង ប៉ុន្តែគ្រាន់តែអ្នកនាងនៅចាំមើលសកម្មភាពបន្តទៀត ដើម្បីកុំឲ្យគេថាវាយស្មៅបង្អើលពស់។ អ្នកនាងនិយាយថា «ពីមុនខ្ញុំចេះតែស្មានអ្នកនេះអ្នកនោះ តែឥឡូវអត់ទេ ខ្ញុំកំណត់មុខសញ្ញាបានហើយ ហើយសូមជម្រាបថា ឲ្យតែអ្នកណាផ្គើនចូលមកគំរាម ស្អីខ្ញុំទៀតចាំមើលថា ពេជ្ជតាធ្វើមិច!»

អ្នកនាងបដិសេធបង្ហើបឲ្យដឹងពីចំណាត់ការវាយបក ខណៈដែលអ្នកនាងព្រលយថា វិធានការផ្លូវការនឹងជាជំរើសសចុងក្រោយ ដើម្បីការពារចំពោះសុវត្ថិភាពរបស់ខ្លួនផង និងដើម្បីព្រមានទៅលើបុគ្គលអនាមិកនោះផង៕

meng01meng07

001meng02

meng03meng04meng05meng06

មតិយោបល់