កណ្តាលៈ ករណីហិង្សាមួយបានកើតឡើង បង្កអោយមានការភ្ញាក់ផ្អើលទាំងយប់ ដោយក្រុមអ្នកលក់គ្រឿងសមុទ្រ និងអ្នកលក់បន្លែវាយគ្នា បណ្តាលអោយរបួសទាំងសងខាង ខណៈដែលឌឺដងទាស់ពាក្យសម្តីដាក់គ្នា។
ហេតុការណ៍ហិង្សាវាយគ្នាទៅវិញទៅមកនេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចលក់ផ្លែឪឡឹក ស្ថិតក្នុងផ្សារតាខ្មៅចាស់ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
នគរបាលប៉ុស្តិ៍តាខ្មៅបានប្រាប់អោយដឹងថា ជនរងគ្រោះទាំងសងខាង ភាគីទី១មានឈ្មោះ ឌីន គឹមលី ភេទស្រី អាយុ២៧ឆ្នាំ មុខរបរលក់គ្រឿងសមុទ្រ មានទីលំនៅភូមិស្ទឹងជ្រៅ សង្កាត់ដើមមាន ក្រុងតាខ្មៅ(រងរបួស) និងភាគីម្ខាងទៀតមានឈ្មោះផេង បូរិន ភេទស្រី អាយុ៣០ឆ្នាំ មុខរបរលក់បន្លែរ មានទីលំនៅភូមិស្ទឹងជ្រៅ សង្កាត់ដើមមាន ក្រុងតាខ្មៅ ។
បើតាមសាក្សីនៅក្បែរកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុឈ្មោះយ៉េត ណារិន ត្រូវជាប្តីរបស់ឈ្មោះ ឌីន គឹមលី កំពុងរៀបអីវ៉ាន់យកទៅផ្ទះ បានកាន់ដែកថ្នាំងអំពៅយកមករុកទឹកកក ដើម្បីដាក់គ្រឿងសមុទ្រចូលធុង ស្រាប់តែប្តីរបស់ឈ្មោះ ផេង បូរិន បានស្រែកថា ឯងយកដែកមកវាយសម្លាប់អញមែន ក៏ឈ្មោះឌឺន គឹមលី បានតបវិញថា ប្តីខ្ញុំយកដែកថ្នាំងអំពៅមករុកទឹកកកដាក់គ្រឿងសមុទ្រទេ មិនមែនមកវាយសម្លាប់ឯងនៅក្នុងផ្សារទេ។
បន្ទាប់មកធ្វើអោយប្តីផេង បូរិន ខឹងបានស្ទុះមកវាយប្តីឌីន គឹមលី បានវាយគ្នាទៅវិញទៅមក ទាំងប្តីប្រពន្ធ ទាំងសងខាង បណ្តាលអោយរងរបួសដូចគ្នា។ លុះមួយសន្ទុះសមត្ថកិច្ចក្រុងតាខ្មៅ សហការជាមួយកម្លាំងប៉ុស្តិ៍តាខ្មៅ ចុះមកដល់កន្លែងកើតហេតុ បាននាំយកភាគីទាំងសងខាងទៅសួរនាំ។
បន្ទាប់ពីធ្វើការសួរនាំរួចសមត្ថកិច្ចនគរបាលបានបញ្ជាក់ថា ភាគីទាំងសងខាង មានទំនាស់គ្នាឈានទៅដល់ការវាយតប់អោយរបួសសងខាងនោះគឺ ភាគីទាំងសងខាងបានឈ្លោះប្រកែកគ្នាជាយូរមកហើយ ចេះតែឌឺដងដាក់គ្នា ទៅវិញទៅមករហូតមកដល់ពេលនេះ។
បច្ចុប្បន្នភាគីទាំងសងខាងសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់