ព័ត៌មានជាតិ

កុងតឺន័រព្រលះម៉ូតូពីក្រោយពេញទំហឹង ស្លាប់ម្នាក់ រងរបួសធ្ងន់ម្នាក់

ភ្នំពេញៈ បុរសម្នាក់បានស្លាប់យ៉ាងអាណោចអាធ័ម និងម្នាក់ទៀតបានរងរបួសធ្ងន់ធ្ងរ ខណៈជនរងគ្រោះទាំងពីរនាក់កំពុងជិះម៉ូតូឌុបគ្នាត្រូវរថយន្តកុងទីន័របុកពីក្រោយ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយនេះបានកើតឡើងនៅវេលាម៉ោង១២និង៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦ តាមបណ្ដោយផ្លូវ២៧១កែងនិងផ្លូវ៤៣២ ស្ថិតក្នុង សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតជនគ្រោះជិះម៉ូតូម៉ាកសង់ប៊ិច ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ១CJ៩៤៨៥ ជិះឌុបគ្នាតាមបណ្ដោយផ្លូវ២៧១ទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុ ក៏ត្រូវរថយន្តកុងតឺន័រម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម ៣A-២៣២៤ ដែលបើកបរស្របទិសគ្នា បានជ្រុលចង្កូតមកបុកម៉ូតូពីក្រោយ បណ្ដាលឲ្យជនរងគ្រោះខ្ទាតចូលកង់រថយន្ត ហើយកិនពីលើអូស បណ្ដាលឲ្យស្លាប់ម្នាក់ នឹងម្នាក់ទៀតរងរបួសធ្ងន់។ ចំណែករថយន្តបង្កពេលបុកហើយ ក៏បន្តបើករត់គេចរហូតដល់ផ្លូវបុរីកាំកូ ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ដោយឃើញមានអ្នកដេញតាមច្រើនពេកតៃកុង ក៏ឈប់រថយន្តហើយបើកទ្វាររត់គេចខ្លួនបាត់ស្រមោល។

ជនរងគ្រោះដែលស្លាប់មានឈ្មោះ សាយ វាសនា អាយុ២២ឆ្នាំមុខរបរនៅផ្ទះស្រុកកំណើតភូមិវាលធំ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ រីឯជនរងគ្រោះដែលរងរបួសធ្ងន់មានឈ្មោះ ដែន អាយុ ប្រហែលម្ភៃឆ្នាំ។

ក្រោយពេលកើតហេតុ ជនរងគ្រោះដែលរងរបួសធ្ងន់ខាងលើត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យឯកជនភ្លាមៗ រីឯសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចកំពុងស្វែងរកសាច់ញាតិ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។

ដោយឡែករថយន្តកុងតឺន័រ និងម៉ូតូត្រូវបានសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែង និងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយទៅតាមនីតិវិធីច្បាប់៕

https://youtu.be/qTdwQtcW6nM

bc-5bc-4bc-3bc-2

មតិយោបល់