ស្ទឹងត្រែងៈ នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៦នេះស្នងការនគរបាលខេត្តស្ទឹងត្រែងបានប្រារព្ធពិធីប្រគល់រថយន្តពន្លត់អគ្គិភ័យជូនដល់ស្រុកចំនួន៣ គឺមាន ស្រុកសេសាន ស្រុកសៀមបូក និងស្រុកសៀមប៉ាង។
ឱកាសនោះផងដែរ ក៏មានការចូលរួមជាអធិបតីក្នុងអង្គពិធីទាំងមូល ដោយមានវត្តមានរបស់លោក ម៉ម សារឿន អភិបាលនៃគណពអភិបាលខេត្តស្ទឹងត្រែងផងដែរ។
លោកឧត្តមសេនីយ៍ ម៉ៅ តារា ស្នងការនគរបាលខេត្តស្ទឹងត្រែងបានថ្លែងថា ការប្រគល់រថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿង ដែលក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិនេះ គឺបានសម្រេចផ្តល់ឲ្យស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងក្នុងឆ្នាំសារពើភ័ណ្ឌក្នុងឆ្នាំ២០១៦នេះ។
វត្តមានរបស់លោកអភិបាលខេត្តនាឱកាសនេះបានផ្តល់កិត្តិយសដ៏ថ្លៃថ្លា និងជាប្រភពនៃការលើកទឹកចិត្តដល់យើងខ្ញុំទាំងអស់គ្នាជាមន្ត្រីនគរបាលជាតិ ជាពិសេសកងកម្លាំងបង្កា និងពន្លត់អគ្គិភ័យទូទាំងខេត្តឲ្យមានស្មារតីកាន់តែអង់អាចក្លាហានថែមទៀត ក្នុងការធ្វើពលីកម្ម ដើម្បីសម្រេចបាននូវទស្សនៈវិស័យ។
លោកបន្តថា កាត់បន្ថយឲ្យបានជាអតិបរិមានូវគ្រោះថ្នាក់អគ្គិភ័យ ព្រមជាមួយការលើកកម្ពស់វិធានការបង្កាពន្លត់អគ្គិភ័យ រួមទាំងសមត្ថភាពមន្ត្រីជំនាញត្រូវបានអភិវឌ្ឍន៍ស្របតាមកាវិវត្តន៍ថ្មី។
ការរៀបចំពីធីប្រគល់រថយន្តពន្លត់អគ្គិភ័យនាថ្ងៃនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តថ្មីមួយថែមទៀត ដែលបានឆ្លុះបញ្ចាំងឲ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលចំពោះក្តីកង្វល់របស់ប្រជាពលរដ្ឋអំពីគ្រោះថ្នាក់អគ្គិភ័យ ដែលបានបំផ្លាញអាយុជីវិត និងទ្រព្យសម្បត្តិជារៀងរាល់ឆ្នាំ។
ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល កំណើនសេដ្ឋកិច្ចជាតិបានកើនឡើងក្នុងរង្វង់៧%ជារៀងរាល់ឆ្នាំ។ មូលដ្ឋាននេះ សំណង់ហេដ្ឋារចនាសម្ព័ន្ធ សំណង់ស្ថាបត្យកម្ម អគារខ្ពស់ៗ ភូមិគ្រឹះ សណ្ឋាគារ ផ្ទះសំណាក់ រោងចក្រ សហគ្រាសនានា លំនៅដ្ឋានស្នាក់អាស្រ័យ ត្រូវបានសាងសង់ឡើងរីកដុះដាលទាំងនៅទីក្រុង និងជនបទ ជាមួយគ្នានេះតម្រូវការនៃការប្រើប្រាស់ចរន្តអគ្គិសនីមានកំណើនពីមួយឆ្នាំទៅមួយឆ្នាំ។ ប៉ុន្តែទន្ទឹមនឹងការរីកចម្រើននេះ ក៏មានការកត់សម្គាល់ពីភាពងាយរងគ្រោះបង្កមហន្តរាយ ដែលបណ្តាលមកពីអគ្គិភ័យបានក្លាយទៅជាក្តីបារម្មណ៍របស់ប្រជាពលដ្ឋ ប្រឈមជាមួយការបាត់បង់ខូចខាតទ្រព្យសម្បត្តិ និងឈានទៅប៉ះពាល់ដល់អាយុជីវិតថែមទៀត ហើយបរិបទនៃគ្រោះអគ្គិភ័យបានក្លាយទៅជាកង្វល់របស់រាជរដ្ឋាភិបាល ដែលត្រូវយកចិត្តទុកដាក់ពិនិត្យដោះស្រាយ។
ទោះបីស្នងការដ្ឋាននគរបាលខេត្ត ដែលជាសេនាធិការជូនសាលាខេត្ត និងអគ្គស្នងការដ្ឋាននគរបាលជាតិបានខិតខំធ្វើការងារជាច្រើន ក្នុងការងារបង្កាទប់ស្កាត់គ្រោះអគ្គិភ័យដូចជា ជំរុញការផ្សព្វផ្សាយអប់រំច្បាប់ស្តីពីការបង្កា និងពន្លត់អគ្គិភ័យតាមគ្រប់រូបភាព ជាពិសេសតាមរយៈវេទិកាសាធារណៈតាមរយៈវេទិកាផ្សព្វផ្សាយគោលនយោបាយភូមិឃុំមានសុវត្ថិភាព ផ្សព្វផ្សាយតាម សណ្ឋាគារ ផ្ទះសំណាក់ រោងចក្រ សហគ្រាស លំនៅដ្ឋាន តាមសហគមន៍របស់ប្រជាពលរដ្ឋឲ្យមានចំណេះដឹង និងមានលទ្ធភាពម្ចាស់ការពន្លត់អគ្គីភ័យបឋម ដែលអាចជួយទប់ស្កាត់ការឆេះរាលដាលបាន។
អគ្គស្នងការដ្ឋាននគរបាលជាតិបានគោរពស្នើសុំគោលការណ៍សម្រេចពីសម្តេចក្រឡាហោម ស ខេងឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ធ្វើការបែងចែកផ្តល់ជូនរថយន្តពន្លត់អគ្គិភ័យចំនួន ០៣គ្រឿងដល់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដើម្បីបង្កើតស្ថានីយ៍ថ្មីចំនួន០៣គោលដៅបន្ថែមទៀត ដូចខាងក្រោម:ក្នុងនោះស្រុកសៀមប៉ាងចំនួន០១គ្រឿង ស្រុកសេសានចំនួន០១គ្រឿង និងស្រុកសៀមបូកចំនួន០១គ្រឿង៕
មតិយោបល់