កំពតៈ សមត្ថកិច្ចបានឃាត់ខ្លួនបុរសមិនគ្រប់សតិម្នាក់ ពាក់ព័ន្ធនឹងករណីហិង្សាដោយចេតនា បន្ទាប់ពីធ្វើសកម្មភាពចាប់ថើបនិងវាយស្រ្តីម្នាក់ បណ្តាលឲ្យរងរបួសក្បាលធ្ងន់។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៩និង៤០នាទីព្រឹក ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិភ្នំដំរី ឃុំដំណាក់កន្ទួតខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត។
ជនរងគ្រោះមានឈ្មោះ ស៊ុន មុំ ភេទស្រី អាយុ៣៦ឆ្នាំ របួសត្រង់ថ្ងាស់ក្បាលដេរ៥ថ្នេរ និងជនសង្ស័យឈ្មោះ កប ប្រុស ភេទប្រុស អាយុ៤៧ឆ្នាំ មានសតិមិនគ្រប់។ ហើយអ្នកទាំង២ស្នាក់នៅភូមិឃុំកើតហេតុជាមួយគ្នា។
ប្រភពដដែល បានបន្តថា មុនពេលកើតហេតុ ជនសង្ស័យបានដើរម្នាក់ឯងលើដងផ្លូវ ក៏ស្រាប់តែប្រទះឃើញស្រ្តីរងគ្រោះ រួចក៏ចាប់រូបនាងថើប តែនាងមិនឲ្យថើបបានយកដំបងឬស្សីវាយទៅលើរូបនាង បណ្តាលឲ្យរងរបួសផ្នែកក្បាលធ្ងន់។
យោងតាមសម្តី ក្រុមគ្រួសារ និងបងប្អូនសាច់ញាតិ បានប្រាប់ឲ្យដឹងថា ជនសង្ស័យជាមនុស្សសតិមិនគ្រប់ មានចរិតឃោរឃៅបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ និងធ្លាប់ជាប់ពន្ធនាគារម្តង កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤។
ក្រោយកើតហេតុ សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យមកអធិការដ្ឋាន នគរបាលស្រុក ដើម្បីបំពេញសំណុំរឿង
រួចបញ្ជូនបន្តទៅស្នងការនគរបាលខេត្តកំពត៕
មតិយោបល់