កូរ៉េៈ ទីភ្នាក់ងារព័ត៌មានរដ្ឋរបស់កូរ៉េ KCNA បានរាយការណ៍នៅថ្ងៃពុធនេះថា កូរ៉េខាងជើង បានបញ្ជាក់ពីភាពជោគជ័យរបស់ខ្លួន នៅក្នុងការបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីប ឈ្មោះថា Hwasong-15 ដោយបានអះអាងថា វាមានសមត្ថភាពអាចបាញ់ដល់គ្រប់ទីតាំងទាំងអស់ នៅលើទឹកដីអាមេរិក។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧។
តាមរយៈការផ្សាយរបស់ទូរទស្សន៍ KCNA បានឲ្យដឹងថា មីស៊ីលផ្លោងអន្តរទ្វីប (ICBM) ដែលក្រុងព្យុងយ៉ាងបានធ្វើតេស្តនេះ គឺជាអាវុធដ៏មានសក្ដានុពលបំផុត ដែលវាអាចហោះហើរបានចម្ងាយ ៩៥០ គីឡូម៉ែត្រ ក្នុងរយៈពេល ៥៣ នាទី ជាមួយនឹងរយៈកម្ពស់ ៤,៤៧៥ គីឡូម៉ែត្រ។
ប្រភពដដែលបានបន្ថែមថា មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបញ្ជាឲ្យចាប់ផ្តើមការសាកល្បងមីស៊ីលទាំងអស់ ឲ្យស្ថិតនៅក្នុងជួរបាញ់ទៅកាន់សហរដ្ឋអាមេរិក។
សូមជំរាបថា ការប្រកាសជោគជ័យរបស់កូរ៉េខាងជើង បានកើតមានឡើងបន្ទាប់ពីយោធាអាមេរិក និងកូរ៉េខាងត្បូងអះអាងថា ប្រទេសឯកោមួយនេះ នឹងបាញ់សាកល្បងមីស៊ីលមួយគ្រាប់ នៅព្រឹកថ្ងៃពុធនេះ ទៅធ្លាក់នៅឯសមុទ្រខាងកើត ជាតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ជប៉ុន៕
មតិយោបល់