កណ្ដាលៈ ករណីហិង្សាវាយគ្នាទៅវិញទៅមកនៅក្នុងផ្សារតាខ្មៅចាស់ ក្រុងតាខ្មៅ ពេលនេះ ផ្ទុះប្រតិកម្មខ្លាំងៗ ដោយសារតែភាគីរងរបួសធ្ងន់កំពុងដេកនៅមន្ទីរពេទ្យជាប់ទោស រីឯអ្នករងរបួសស្រាលរួចខ្លួនទៅវិញ ។ សាច់ញាតិខាងភាគីកំពុងជាប់ទោស ស្រែកខ្លាំងៗពីភាពអយុត្តិធម៌នេះ និង សូមឱ្យស្ថាប័នមានសមត្ថកិច្ចរកយុត្តិធម៌ ។
ប្រភពព័ត៌មានបញ្ជាក់ថា កាលពីយប់ថ្ងៃទី២៨ ខែវិច្ឆិកា មានករណីហិង្សាមួយ នៅចំណុចផ្សារតាខ្មៅចាស់ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ដោយសមត្ថកិច្ចសម្រេចឃាត់ខ្លួនបុរសម្នាក់ឈ្មោះ យ៉េត ណារិន អាយុ៣៦ឆ្នាំ មុខរបរលក់គ្រឿងសមុទ្រ ដោយចោទប្រកាន់ពីបទហិង្សាដោយចេតនា ។
សាក្សីឃើញហេតុការណ៍ផ្ទាល់សុំមិនបញ្ចេញឈ្មោះ អះអាងថា ករណីនេះ គឺ ផ្តើមពីទំនាស់ពាក្យសម្ដីជាយូរមកហើយ ដោយមានការគុំគួនគ្នា ។ លុះយប់កើតហេតុ ខាងស្រីៗឈ្លោះប្រកែកគ្នារហូតផ្ទុះហិង្សាទៅវិញទៅមក ទើបភាគីខាងប្រុសចូលជួយឃាត់ ។
សមត្ថកិច្ចអះអាងថា បុរសឈ្មោះ យ៉េត ណារិន បានយកដែកថ្នាំងអំពៅ វាយទៅលើភាគីម្ខាងទៀត ។ ចំណុចនេះ បងស្រីរបស់ឈ្មោះ យ៉េត ណារិន បញ្ជាក់ថា ប្អូនប្រុសពុំបានវាយទេ តែភាគីម្ខាងទៀតទៅវិញទេដែលវាយ ប្អូនថ្លៃស្រីដែលត្រូវជាប្រពន្ធរបស់ឈ្មោះ យ៉េត ណារិន រងរបួសធ្ងន់កំពុងដេកសម្រាកនៅមន្ទីរពេទ្យ ថែមទាំងមានផ្ទៃពោះជាងមួយខែថែមទៀតផង ។
ប្រភពអះអាងថា ពេលនេះ លោកគ្រូពេទ្យកំពុងចង់បញ្ជូនស្ត្រីរូបនេះទៅភ្នំពេញដើម្បីព្យាបាលបន្ត ដោយសារស្ត្រីរូបនេះធ្ងន់ធ្ងរ ប្រកាច់ម្តងៗ។
ដោយឡែកប្រភពព័ត៌មានពីមន្ត្រីតុលាការ បញ្ជាក់ថា ពេលនេះតុលាការបានឱ្យលោក ស កែវពិសិដ្ឋ អធិការនគរបាលក្រុងតាខ្មៅ ពិនិត្យករណីឡើងវិញ បើជាករណីហិង្សាទៅវិញទៅមក ត្រូវឃាត់ខ្លួនទាំងអស់ ធ្វើតាមនីតិវិធី ៕
មតិយោបល់