ពោធិ៍សាត់ៈ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង រវាងរថយន្តឡិចស៊ីសនិងរថយន្តNAVARA បណ្តាលឲ្យរងរបួសចំនួន៦នាក់ និងស្លាប់២នាក់នៅនឹងកន្លែង។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតលើផ្លូវជាតិលេខ៥៥ ចន្លោះគីឡូម៉ែត្រលេខ៦៩-៧០ នៅផ្នែកខាងលិចស្ពានតក់ឡក់ ភូមិស្ទឹងថ្មី ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ម្ចាស់រថយន្តឡិចស៊ីស 300 មានឈ្មោះ ហ៊ីង សុផាន ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ(ស្លាប់នៅនឹងកន្លែង) ពាក់ស្លាកលេខ នគរបាលជាតិ 2.1906 និងម្នាក់ទៀតមិនត្រូវបានស្គាល់អត្តសញ្ញាណច្បាស់នោះទេ(ស្លាប់) និងអ្នករួមដំណើរម្នាក់មានឈ្មោះ ស៊ន សារុំ(រងរបួសធ្ងន់)។
ចំណែកអ្នករងរបួសចំនួន៦នាក់ទៀត រួមមាន ទី១មានឈ្មោះ ប្រាក់ ភឿន ភេទប្រុស អាយុ៦៤ឆ្នាំ មុខរបរកសិករ បើក។ ទី២ឈ្មោះ អោម ពៅ ភេទស្រី អាយុ៦៤ឆ្នាំ មុខរបរកសិករ ទី៣មានឈ្មោះ ឃន វិន ភេទប្រុស អាយុ៦៩ឆ្នាំមុខរបរកសិករ ទី៤ឈ្មោះ វ៉ាន ណាត ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរកសិករ និងទី៥ឈ្មោះ ជ័យ ផាត ភេទប្រុស អាយុ៦០ឆ្នាំ មុខរបរកសិករ។ ហើយទាំង៥នាក់ស្នាក់នៅភូមិវត្ត ឃុំខ្នា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
ប្រភពដដែល បានបន្តថា មុនពេលកើតហេតុ គេឃើញរថយន្តឡិចស៊ីស និងរថយន្តNAVARA បានធ្វើដំណើរបញ្រ្ចាសទិសគ្នា លុះដល់ចំណុចកើតហេតុ ភាគីខាងរថយន្តឡិចស៊ីស បានជ្រុលចង្កូតទៅបុករថយន្តNAVARAពេញទំហឹង បណ្តាលឲ្យរងរបួសចំនួន៦នាក់ និងស្លាប់២នាក់នៅនឹងកន្លែងតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចបាននាំយកវត្ថុតាងទាំង២គ្រឿងមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕
មតិយោបល់