កំពង់ស្ពឺៈ លោក តាប់ លន ស្នងការរងខេត្តកំពង់ស្ពឺ ទទួលផែនចរាចរណ៍ បានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យរងរបួស២នាក់ និងស្លាប់ក្មេងប្រុសម្នាក់ នៅនឹងកន្លែង។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៩និង៥០ព្រឹក ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ៥១-៥២ ភូមិកាប់ទូក សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ម្ចាស់ម៉ូតូមានឈ្មោះ ស៊ីម សំណាង ភេទប្រុស អាយុ ៣៨ឆ្នាំ បើកម៉ូតូ១គ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1DO-4623 និងអ្នករួមដំណើរ២នាក់ ទី១មានឈ្មោះ រង ស្រីល័ក្ខ អាយុ២៥ឆ្នាំ ត្រូវជាប្រពន្ធ ទី២ឈ្មោះ សំណាង វាសនា ភេទប្រុស អាយុ១ឆ្នាំ ត្រូវជាកូន អ្នកទាំង៣ស្នាក់នៅភូមិសែនជ័យ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ចំណែកម្ចាស់រថយន្តមិនត្រូវបានស្គាល់អត្តសញ្ញាណច្បាស់នោះទេ បើករថយន្តមួយគ្រឿង ម៉ាកSTERLING ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3D-0347 សណ្ដោងរ៉ឺម៉ក ពាក់ស្លាកលេខភ្នំពេញ 4A-1025។
ប្រភពដដែល បានបន្តថា មុនពេលកើតហេតុ គេឃើញរថយន្តនិងម៉ូតូ បានធ្វើដំណើរ ស្របទិសគ្នា ពីកើតទៅលិច លុះដល់ចំណុចកើតហេតុ រថយន្តបានកៀរម៉ូតូ រួចក៏ខ្ទាតក្មេងប្រុសម្នាក់ទៅលើបណ្តោយផ្លូវ បណ្តាលឲ្យរថយន្តកិនស្លាប់ និងរងរបួសស្រាលចំនួន២នាក់ ចំណែកម្ចាស់រថយន្តបានគេចខ្លួន តែត្រូវសមត្ថកិច្ចឃាត់ខ្លួនបាននៅស្រុកភ្នំស្រួច។
ក្រោយកើតហេតុ សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យ និងវត្ថុតាងយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕
មតិយោបល់