ភ្នំពេញៈ បើទោះជាបានប្រកាសថា មិនចង់ចាកចេញពីប្រទេសកម្ពុជា ព្រោះតែជាប់កុងត្រាជាមួយកម្មវិធី Apsara Award និងដោយសារតែជាប់កុងត្រាជាមួយម្ចាស់កម្មវិធីច្រើន តាំងពីត្រឡប់មករស់នៅប្រទេសកម្ពុជា ក៏តារាសម្ដែងជើងចាស់ដែលត្រូវគេស្គាល់ថា មានជំនាញសិល្បៈយ៉ាងសម្បូរបែបអ្នកនាង ស៊ុន ណារីម៉ូនីកា នៅតែសម្រេចចិត្តចាកចេញទៅកាន់ប្រទេសបារាំង នៅក្នុងថ្ងៃនេះ ដោយខានមិនបាន។ អ្នកនាងថា នេះជាការចាកចេញដើម្បីទៅចាត់ការកិច្ចការមួយចំនួននៅក្នុងប្រទេសបារាំង ដែលអ្នកនាងទោះជាមមាញឹកកម្រិតណា ក៏ត្រូវតែឡើងឲ្យបានដាច់ខាត។
អ្នកនាង ស៊ុន ណារីម៉ូនីកា ថ្លែងប្រាប់ Post News មុននេះបន្តិចថា អ្នកនាង នឹងឡើងយន្តហោះទៅកាន់ប្រទេសបារាំង នៅវេលាម៉ោង៨យប់ ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦នេះហើយ ដោយអ្នកនាង នឹងទៅដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅវេលាម៉ោង៥ល្ងាច។ អ្នកនាងបញ្ជាក់ថា ការចេញដំណើរលើកនេះ គឺដើម្បីទៅមើលខុសត្រូវមុខរបសរកស៊ីរបស់អ្នកនាង ដែលបានបើកនៅក្នុងប្រទេសបារាំង។
អ្នកនាងបញ្ជាក់ថា នៅក្នុងប្រទេសបារាំង អ្នកនាងមានលក់អាហារខ្មែរ និងបរទេសជាលក្ខណៈភោជនីយដ្ឋានមួយកន្លែង ដែលហោចណាស់ក៏ត្រូវឡើងចុះទៅមើលហាងនោះកន្លះឆ្នាំម្ដងនោះដែរ។ អ្នកនាងគ្រោងបំពេញកិច្ចការនៅក្នុងប្រទេសបារាំង រយៈពេល១ខែ ដើម្បីឆាប់បានត្រឡប់មកកាន់ប្រទេសកម្ពុជា បន្តការងារសិល្បៈក្នុងកម្មវិធី Apsara Award និងការទទួលកុងត្រាជាមួយបណ្ដាផលិតករផ្សេងៗ។ អ្នកនាង ស៊ុន ណារីម៉ូនីកា និយាយថា «បងអត់មានគម្រោងទៅបារាំងទេ ដោយសារនៅនេះរវល់ពេក ប៉ុន្តែមកពីហាងបាយបងបើកនឹងត្រូវតែយើងឡើងទៅមើល ទើបបងទៅបារាំងមួយខែថ្ងៃហ្នឹង ទៅClear កិច្ចការ!»។
ក្នុងគម្រោងធ្វើដំណើរលើកនេះ អ្នកនាងក៏ត្រូវចុះសួរសុខទុក្ខមិត្តភ័ក្រ្តសាច់ញាតិ និងទទួលសម្ដែងនៅតាមបណ្ដារដ្ឋមួយចំនួននោះផង ទើបអ្នកនាងមិនទាន់ដឹងថា រយៈពេលមួយខែនៅក្នុងប្រទេសបារាំង តើអាចសម្រេចកិច្ចបានល្អកម្រិតណា។ យ៉ាងណាមិញ អ្នកនាងប្រកាសថា មិនអាចបន្តពេលនៅក្នុងប្រទេសបារាំង រហូតដល់លើសមួយខែនោះទេ ដោយសារតែនៅស្រុកខ្មែរ គឺអ្នកនាងជាប់សូរទទួលការងារយ៉ាងរដឹករួចអស់ទៅហើយ។
អ្នកនាង ស៊ុន ណារីម៉ូនីកា បញ្ជាក់ថា អ្នកនាងទៅកាន់ប្រទេសបារាំងកន្លងមកតែម្នាក់ៗឯងប៉ុណ្ណោះ ដោយសារតែនោះមិនមែនជាការដើរកម្សាន្តដែលត្រូវស្ពាយកូនប្រុសយកទៅជាមួយ។ អ្នកនាងត្រូវគេស្គាល់ថា ក៏ជាអ្នកជួញដូរទឹកអប់ ក្រែម ម្សៅ និងទូរស័ព្ទជាដើម ពីប្រទេសបារាំង មកលក់នៅស្រុកខ្មែរ គ្រប់ជើងផងដែរ ប៉ុន្តែភាគច្រើន អ្នកនាងមិនសូវបានលក់ប្រមូលលុយដូចការគ្រោងទុកនោះទេ ដោយសារតែមានតារាសិល្បៈចេះតែសុំ ហើយអ្នកនាងដើរចែកចាយអស់។ អ្នកនាងនិយាយថា ជំនួញនាំផលិតផលពីប្រទេសបារាំង មកកាន់ស្រុកខ្មែរ របស់ខ្លួន ទទួលបានផលចំណេញតិចណាស់ ដោយសារតែលក់បានតិចជាងដើរចែក។ ប៉ុន្តែអ្នកនាងបញ្ជាក់ថា មិនថ្វីនោះទេ ដោយសារតែនោះមិនមែនជាជំនួញ ដើម្បីមានបាន និងដើម្បីបានភ្ជាប់ទំនាក់ទំនងកាន់តែប្រសើរជាមួយតារាសិល្បៈ និងអ្នករាប់អានស្រឡាញ់អ្នកនោះផង។
អ្នកនាងគ្រោងត្រឡប់ពីបារាំងវិញនៅអំឡុងថ្ងៃនេះដូចគ្នានៅខែកក្កដា ប៉ុន្តែមិនទាន់ប្រាកដថាថ្ងៃណានៅឡើយទេ៕
មតិយោបល់