ព័ត៌មានជាតិ

អាសូរ! ក្មេងប្រុសម្នាក់ ដើរដួលលើឆ្នាំងសម្លលើចង្ក្រាន បណ្តាលឲ្យរលាកស្លាប់ ខណៈតាមម្តាយមកស៊ីឈ្នួលលាងចានឲ្យគេ

ប៉ៃលិនៈ ករណីដ៏គួរឲ្យសង្រេងអាណិតអាសូរ ក្រោយពីក្មេងប្រុសម្នាក់ ដួលផ្ងារក្រោយលើឆ្នាំងសម្ល កំពុងក្តៅនៅលើចង្ក្រាន បណ្តាលឲ្យស្លាប់ នៅក្នុងមន្ទីរពេទ្យ ខណៈតាមម្តាយមកស៊ីឈ្នួលលាងចានឲ្យគេ។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង៣ និង៤៥នាទីល្ងាច ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចហាងបាយមួយកន្លែងជាប់របងវត្តផ្សារព្រំ ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

បើតាមការបញ្ជាក់របស់ម្តាយកុមាររងគ្រោះ បានឲ្យដឹងថា គាត់មានឈ្មោះ វុន អុក អាយុ៣៥ឆ្នាំ មុខរបរ ជាកម្មករស៊ីឈ្នួលលាងចាន នៅកន្លែងកើតហេតុ ហើយកូនប្រុសរបស់គាត់ដែលរងគ្រោះ មានឈ្មោះនាង សុខន អាយុ៣ឆ្នាំ គឺតែងតែតាមគាត់ទៅធ្វើជាកម្មករស៊ីឈ្នួលលាងចានឲ្យគេជារៀងរាល់ថ្ងៃ ។ ជាក់ស្តែងនៅព្រឹកថ្ងៃកើតហេតុ រូបគាត់បានយកកូនប្រុសរងគ្រោះទៅជាមួយ ដោយដាក់ឲ្យអង្គុយនៅលើកៅអីក្នុងហាងបាយ ចំណែកគាត់ក៏ដើរទៅប្រមូលចានឆ្នាំង ស្លាបព្រា ដើម្បីយកមកលាងដូចរាល់ដង មួយសន្ទុះក្រោយមកគាត់ក៏ឮសម្លេងកូនរបស់គាត់យំ ក៏រត់ទៅមើល ស្រាប់តែឃើញកូនប្រុសរបស់គាត់ដួលផ្ងារក្រោយនៅលើចង្ក្រានដែលមានឆ្នាំងសម្លទឹកក្ដៅកំពុងពុះបណ្ដាលឱ្យរលាកពងបែកពេញសាច់ខ្នង ភ្លាមៗនោះរូបគាត់និងអ្នកភូមិក៏បានហៅរថយន្តសង្គ្រោះដឹកមកព្យាបាលនៅមន្ទីរបង្អែកខេត្តប៉ៃលិន។

ម្តាយក្មេងរងគ្រោះបានបន្តថា បន្ទាប់ពីដឹកកូនរបស់គាត់ចូលមកព្យាបាលក្នុងមន្ទីរពេទ្យបង្អែកខេត្តបានរយៈពេល ៥ម៉ោង ដោយស្ថានភាពកូនគាត់ធ្ងន់ធ្ងរពេក ក្រុមគ្រូពេទ្យក៏បញ្ជូនបន្តទៅព្យាបាលនៅពេទ្យខេត្តបាត់ដំបងទាំងយប់ ហើយនៅវេលាម៉ោង១១ និង២០នាទីយប់ កូនរបស់គាត់ក៏បានប្រកាច់ស្លាប់យ៉ាងវេទនាបំផុត។

បច្ចុប្បន្នសពក្មេងរងគ្រោះ ត្រូវបានគ្រូពេទ្យដឹកតាមរថយន្តសង្គ្រោះ វិលត្រឡប់មកលំនៅដ្ឋានវិញ ដើម្បីប្រគល់សាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់