ភ្នំពេញៈ បុរសម្នាក់ត្រូវបានសមត្ថកិច្ចខណ្ឌឫស្សីកែវ បានធ្វើការឃាត់ខ្លួនកាលពីវេលាម៉ោង ៩និង២០នាទីព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៦ ដែលស្ថិតនៅចំណុចផ្លូវរថភ្លើង ក្រុមទី០៣ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។
លោក ណយ ច័ន្ទណារត្ន័ មន្រ្តីព្រហ្មទណ្ឌខណ្ឌឫស្សីកែវបានប្រាប់ឲ្យដឹងថា បុរសដែលកម្លាំងសមត្ថកិច្ចឃាត់ខ្លួននោះ គឺយោងតាមដីកាបង្គាប់លេខ ៣១២ត.ព្រ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៣ របស់ចៅក្រមស៊ើបសួរលោក សែម សកិ្តកូឡា ក្រោយពីអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវបានទទួលដីកានោះហើយ លោក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌ បានបញ្ជាកម្លាំងក្នុងមូលដ្ឋានទាំងអស់ឲ្យធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនបុរសខាងលើយកមកអនុវត្តទោសតាមដីកាបង្គាប់។
បុរសសង្ស័យមានឈ្មោះ ស៊ីម វឌ្ឍនៈ ហៅ ណាក់ ភេទ ប្រុស អាយុ ២៤ឆ្នាំ ជនជាតិ ខែ្មរ មុខរបរ កម្មករ ស្នាក់នៅផ្ទះជួល ផ្លូវរថភ្លើង ក្រុមទី០៤ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ មានស្រុកកំណើតនៅសង្កាត់មនោរម្យ ខណ្ឌ៧មករា ជាប់ចោទពីបទ ហឹង្សាដោយចេតនា ដែលប្រព្រឹត្តនៅចំណុចផ្លូវរថភ្លើង ក្រុមទី០៣ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១១ ពីបទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្តន្ទាទោសតាមបញ្ញតិ្តមាត្រា ២១៧ នៃក្រុមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់បញ្ជូនខ្លួនទៅឃុំជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការចចាត់ការតាមនីតិវិធីច្បាប់ ៕
មតិយោបល់