ភ្នំពេញ:ក្រោយពីបានបញ្ចប់ការសាងសង់រោងចក្រផលិតទឹកស្អាតនិរោធជំហ៊ានទី១ដោយជោគជ័យមក ជំហ៊ានទី២ក៏បានកំពុងតែចាប់ផ្តើមដំណើរការយ៉ាងសកម្ម ហើយជំហ៊ានទី២នេះត្រូវបានគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០១៦ នេះបើយោងតាមសេចក្តីជូនព័ត៌មានរបស់ស្ថានទូតបារាំងដែលបានចេញផ្សាយនៅថ្ងៃទី ៨ ខែមិថុនា ឆ្នាំ២០១៦។
ការសាងសង់ជំហ៊ានទី២នេះ នឹងមានសមត្ថភាពផលិតទឹកស្អាតបាន ១៣ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ដូចជំហ៊ានទី១ដែរ ហើយរោងចក្រថ្មីនេះនឹងអាចជួយឲ្យរដ្ឋាករទឹកក្រុងភ្នំពេញពង្រីកការផ្គត់ផ្គង់ទឹកស្អាតដល់ប្រជាជនប្រមាណ៣៥ម៉ឺននាក់បន្ថែមទៀតនៅតំបន់ជាយរាធានីភ្នំពេញ។
នៅក្នុងសេចក្តីជូនព័ត៌មានដ៏ដែលនោះ ក៏បានបញ្ជាក់ដែរថា នៅព្រឹកថ្ថៃចន្ទ ទី១៣ ខែមិថុនាខាងមុខនេះ លោក ហ្សង់-ក្លូដ ពាំបឺហ្វ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា និងលោក ហ្វីលីព ស្តាំងម៉េត នាយកទីភ្នាក់ងារអភិវឌ្ឍន៍បារាំងប្រចាំកម្ពុជា និងឡាវ នឹងអញ្ជើញទៅពិនិត្យការសាងសង់រោងចក្រផលិតទឹកស្អាតនិរោធជំហ៊ានទី២ដែលកំពុងដំណើរកាក្រោមសហហិរញ្ញប្បទានរបស់ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង(AFD)និងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ៕
មតិយោបល់