ព្រះសីហនុៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ ដោយមានការដឹកនាំបញ្ជាពីសំណាក់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ វេលាម៉ោង១២និង៣០នាទី នៅចំណុចសាលារៀនសុវណ្ណាភូមិ (ថ្មី) ស្ថិតនៅ ភូមិ២សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ មានករណីអំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទ) មួយបានកើតឡើងបង្កឡើងដោយជនសង្ស័យម្នាក់ ជាជនជាតិខ្មែរ ភេទប្រុស មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ០១គ្រឿងមិនស្គាល់ម៉ាក ពណ៌ខ្មៅ បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ចំនួន០២គ្រឿង ដែលជារបស់ក្មេងស្រីសិស្សសាលា ក្នុងខណៈពេលដែលជនរងគ្រោះ កំពុងជិះម៉ូតូតាមផ្លូវ ។
ភ្លាមៗនោះកម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ កម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ និងកម្លាំងប៉ុស្តិ៍បិតត្រាំងបានដេញប្រផាត់ចាប់ប្រភីង និងស្ទាក់ឃាត់ខ្លួនជនសង្ស័យ រហូតដល់ចំណុចផ្លូវដើមឈើចាំស្នេហ៍ ស្ថិតនៅភូមិគគីរ ឃុំបាតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ទើបចាប់ឃាត់ខ្លួនបានជនសង្ស័យ ។
ចំពោះជនសង្ស័យ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងធ្វើការសាកសួរ និងចាត់ការតាមនិតវិធីច្បាប់ ៕


មតិយោបល់