ព្រះសីហនុៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា បុរសម្នាក់ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតសាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនពាក់ព័ន្ធករណីហិង្សាដោយចេតនា (ជនទំនើងបើករថយន្តវ៉ាជែងនិងកាក់ម៉ូតូចុះវាយប្រជាពលរដ្ឋតាមដងផ្លូវសាធារណៈ) ។
ករណីខាងលើកើតឡើងនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២ វេលាម៉ោង១៥និង៣០នាទី នៅតាមដងផ្លូវសាធារណៈមុខសាលាគរុកោសល្យ ស្ថិតនៅក្រុមទី១៥ ភូមិ២ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។
ជនរងគ្រោះឈ្មោះ ម៉ា ផាន់ណា ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។ រងរបួសហើមថ្គាមទាំងសងខាង និងហើមប្រអប់ដៃខាងស្តាំ ។ ជនដៃដល់ឈ្មោះ មុត រ៉ាវុធ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបររត់តាក់ស៊ី មានទីលំនៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
វត្ថុតាងចាប់យកបាន៖ រថយន្ត ១គ្រឿង ម៉ាក MAZDA3 ពណ៌ទឹកប៊ិចចាស់ ពាក់ស្លាកលេខៈភ្នំពេញ 2AB-8801 ។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ជនដៃដល់បានបើករថយន្ត១គ្រឿង ម៉ាក MAZDA3 ពណ៌ទឹកប៊ិក ពាក់ស្លាកលេខ ភ្នំពេញ 2AB-8801 យ៉ាងលឿនវ៉ាជែងពេញផ្លូវ ជាហេតុធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនមានការមិនពេញចិត្ត ក៏បានស៊ីផ្លេរដាក់ ព្រមទាំងស្រែកជេរផងដែរ ។ លុះពេលជនសង្ស័យបើករថយន្តដល់ចំណុច មុខសាលាគរុកោសល្យ ស្ថិតនៅក្រុមទី១៥ ភូមិ២ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ក៏បានកាក់ម៉ូតូ ១គ្រឿង ដែលមានបុរសជនជាតិខ្មែរម្នាក់កំពុងជិះ ឲ្យឈប់បន្ទាប់មកជនដៃដល់បានចុះពីរថយន្ត រុញទៅបុរសដែលជិះម៉ូតូនោះឲ្យដួល ហើយវាយថែមទៀត បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ ភ្លាមៗនោះ កម្លាំងនគរបាលព្រហ្មទណ្ឌ បានចុះទៅដល់កន្លែងកើតហេតុធ្វើការឃាត់ខ្លួនជនបង្កតែម្តង ។
បច្ចុប្បន្ន ជនដៃដល់ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីអនុវត្តតាមនីតិវិធី ៕
មតិយោបល់