ព័ត៌មានសុខភាព

មុខឡើងខ្មៅប្រតាកដល់ថ្នាក់នេះ កុំបារម្ភ ប៉េងប៉ោះអាចជួយបាន!

ការប៉ះពាល់ជាមួយនឹងពន្លឺព្រះអាទិត្យខ្លាំងពេកធ្វើឲ្យស្បែកផលិតជាតិមេឡានីនកាន់តែច្រើន ហើយមិនយូរមិនឆាប់ស្បែកចាប់ផ្តើមអណ្តែតពណ៌ខ្មៅឡើងមកបន្តិចម្តងៗ។ ស្បែកមានពណ៌ខ្មៅប្រតាកអាចលេចឡើងនៅផ្នែកផ្សេងៗជាច្រើននៃរាងកាយ ក៏ប៉ុន្តែផ្ទៃមុខពិបាកក្នុងការលាក់បាំងខ្លាំងជាងគេ។

តើអ្នកកំពុងតែខ្វល់ខ្វាយជាមួយនឹងស្បែកឡើងជាតិពណ៌ខ្មៅប្រតាកមែនទេ? បើដូច្នោះមែនកុំបារម្ភអី ប៉េងប៉ោះអាចជួយបាន។ ប៉េងប៉ោះ គឺជាបន្លែមួយប្រភេទដែលមានអត្ថប្រយោជន៍ច្រើនបំផុតសម្រាប់សុខភាព ហើយវាក៏ត្រូវបានគេប្រើជាឱថសថែរក្សាសម្រស់ផងដែរ។

បើយោងតាមគេហទំព័រ boldsky បានបង្ហាញថា ប៉េងប៉ោះ ដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងបញ្ហាស្បែកខ្មៅប្រតាក ព្រោះវាមានផ្ទុកសារធាតុចិញ្ចឹមដែលអាចជួយបង្កើនសុខភាពស្បែក និងសម្អាតជាតិពណ៌នៅលើផ្ទៃស្បែកឲ្យត្រឡប់មកសស្អាតឡើងវិញ។

ខាងក្រោមនេះ គឺជាវិធីសាស្ត្រពីរយ៉ាងក្នុងការកម្ចាត់បញ្ហាស្បែកខ្មៅប្រតាក៖

ប៉េងប៉ោះ និងទឹកដោះគោយ៉ាអួ
១.យកប៉េងប៉ោះទុំកិនឲ្យបាន ១ស្លាបព្រាកាហ្វេ។
២.លាយជាមួយនឹងទឹកដោះគោយ៉ាអួ ១ស្លាបព្រាកាហ្វេដូចគ្នា។
៣.ចាប់ផ្តើមលាបនៅលើផ្ទៃមុខ ហើយធ្វើការម៉ស្សាឲ្យសព្វ។
៤.ទុកឲ្យល្បាយធ្វើសកម្មភាពរយ:ពេល ១០នាទី ទើបលាងសម្អាតជាមួយទឹកធម្មតា។
៥.អនុវត្តជារៀងរាល់ពេលល្ងាចឲ្យបាន ៣ដងក្នុងមួយសប្តាហ៍។

ប៉េងប៉ោះ និងដំឡូងបារាំង
១.យកប៉េងប៉ោះទៅកិនឲ្យម៉ត់ចំនួន ១ស្លាបព្រាកាហ្វេ។
២.លាយជាមួយនឹងទឹកដំឡូងបារាំងចំនួនកន្លះស្លាបព្រាកាហ្វេ។
៣.យកល្បាយនេះទៅម៉ាស្សានៅលើស្បែកមុខរបស់អ្នកឲ្យសព្វ។
៤.ទុកចោលរយ:ពេល ១៥នាទី ទើបលាងសម្អាតជាមួយនឹងទឹកធម្មតា។
៥.សូមព្យាយាមអនុវត្តជារៀងរាល់ពេលល្ងាច ក្នុងមួយសប្តាហ៍ ២ទៅ៣ដង។

វិធីទាំងពីរយ៉ាងនេះ អ្នកប្រើប្រាស់វិធីណាមួយក៏បានដែរ ក៏ប៉ុន្តែសូមព្យាយាមអនុវត្តឲ្យបានទៀងទាត់ទើបឆាប់ទទួលបានផល៕

ប្រភព៖ boldsky

មតិយោបល់