ភ្នំពេញៈ ស្រ្តីវ័យ៣៦ឆ្នាំម្នាក់ ខណៈដែលកំពុងគេងលង់លក់ក្នុងបន្ទប់ក្នុងផ្ទះវីឡាត្រូវបានជនដៃដល់លបលួចចួលទៅប៉ុនប៉ងវាយប្រហារសម្លាប់ផ្តាច់ជីវិត តែមិនបានសម្រេច បណ្តាលឲ្យរងរបួសធ្ងន់និងមុខហូរឈាមកក្លាក់ប្រឡាក់ពេញបន្ទប់ សង្ស័យជារឿងឃាតកម្ម។
ហេតុការណ៍ខាងលើនេះបង្កមានការឲ្យភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៤និង៤០នាទីព្រឹក ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅផ្ទះលេខ៣១ ក្រុម១២ ផ្លូវលេខ៦បេតេ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានី ភ្នំពេញ។
ស្ត្រីដែលជាជនរងគ្រោះមានឈ្មោះ គឹម សុផុនវឌ្ឍនា ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរជាពាណិជ្ជករ ស្នាក់នៅផ្ទះកើតហេតុខាងលើ និងមានប្តីឈ្មោះ ត្រាង ទី អាយុ៤៨ឆ្នាំ ជាពាណិជ្ជករដូចគ្នា ថែមទាំងមានកូន២នាក់ ប្រុសអាយុ៤ឆ្នាំម្នាក់ និងស្រីអាយុ៨ឆ្នាំម្នាក់ រស់នៅក្នុងបន្ទុកគ្រួសារ ។
តាមការបកស្រាយបុរសដែលត្រូវជាប្តី បានបញ្ជាក់ឲ្យដឹងថា គ្រួសាររបស់គាត់មិនដែលមានទំនាស់ ជាមួយអ្នកណាឡើយ ហើយមុនពេលកើតហេតុ កាលពីវេលាម៉ោង៤ព្រឹកថ្ងៃទី០១ ខែតុលា គាត់បានភ្ញាក់ពីដំណេក ត្រូវធ្វើដំណើរទៅខេត្តសៀមរាប ដើម្បីទំនាក់ទំនងការងារ ដោយឲ្យជំនួយការបើករថយន្តមកទទួល ជិះចាកចេញទៅ ដោយមិនបាន ចាក់សោទ្វារបន្ទប់ផ្ទះ គ្រាន់តែដាក់គន្លឹះទ្វាររបងមុខហើយក៏ជិះរថយន្តចាកចេញទៅ លុះដល់វេលាម៉ោង៤និង៤០នាទីព្រឹក ស្រាប់តែកូនស្រីទូរសព្ទប្រាប់ ថាម្តាយ មានឈាមប្រឡាក់ពេញមុខ ពេញខ្លួនលើពូក ទើបវិលត្រឡប់មកផ្ទះវិញ ឆោឡោ ឡើងក្រោយពីបានឃើញប្រពន្ធ របស់ខ្លួនស្ថិតក្នុងស្ថានភាពរបួសធ្ងន់ធ្ងរបែបនេះ ក៏ប្រញ៉ាប់ប្រញាល់ ដឹកបញ្ជូនទៅគ្លីនិកតាមរថយន្តរបស់ខ្លួនរួចរាយការណ៍ប្រាប់សមត្ថកិច្ចចុះទៅពិនិត្យមើលជាស្តែង នៅនិងកន្លែងតែម្តង។
តាមការសន្និដ្ឋានករណីខាងលើសង្ស័យជាករណីឃាតកម្ម វាយសម្លាប់តែមិនបានសម្រេច រងរបួសធ្ងន់ធ្ងរ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញខណ្ឌ និងក្រុងបានចុះទៅពិនិត្យ កោសល្យវិច័យ ភ្លាមៗបានរកឃើញសម្ភារៈបន្សល់ទុក ពិលពាក់ក្បាលសន្តិសុខពិភពថ្មី១ ខ្សែក្រវ៉ាត់ របស់សន្តិសុខពិភពថ្មី១ ខាងក្បាលប្រឡាក់សុទ្ធតែឈាម មួកសន្តិសុខ១ ស្បែកជើងផ្ទាត់មួយចំហៀង ហើយក្រោយពីពិនិត្យកោសល្យវិច័យរួច សមត្ថកិច្ចឈានទៅដល់ឃាត់ខ្លួនសន្តិសុខបុរីពិភពថ្មីចំនួន៦នាក់ទៅសួរនាំនៅអធិការដ្ឋានខណ្ឌសែនសុខផងដែរ បញ្ជាក់ផងដែរក្នុងចំណោមមនុស្ស៦នាក់ មាន២នាក់ ធ្វើរតេស្តទឹកនោម ឃើញផ្ទុកសារធាតុញៀន បច្ចុប្បន្នសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវបន្តទៀត ៕
មតិយោបល់