ភ្នំពេញៈ បុរស២នាក់បានរងរបួសស្រាលដូចគ្នា ខណៈភាគីខាងម៉ូតូគេចពីឡាន មកបុករ៉ឺម៉កពេញទំហ៊ឹង បណ្តាលឲ្យក្រឡាប់និងដួលផ្ងារជើង ទាំងសងខាង។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២ ខែធ្នូរ ឆ្នាំ២០១៧
ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ក្បែររង្វង់មូលចោមចៅ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញភាគីខាងម៉ូតូនិងរ៉ឺម៉ក បានធ្វើរដំណើរស្របទិសគ្នា ពីត្បូងទៅជើង ដោយភាគីខាងរ៉ឺម៉កដឹកធ្យូងធ្វើរដំណើរពីខាងមុខម៉ូតូ ខណៈនោះក៏ស្រាប់តែមានបុរសម្នាក់ បើកម៉ូតូមួយគ្រឿងម៉ាកគុបគ្រុង ពណ៌ទឹកប៉ិច គ្មានស្លាកលេខ បើកក្នុងល្បឿនលឿន ហើយបានវាក់អើជាមួយនឹងឡាន ដោយគេចពីឡានផុត តែបែរជាជ្រុលមកបុករ៉ឺម៉កដឹកធ្យូង បណ្តាលឲ្យក្រឡាប់ ព្រមទាំងដួលផ្ងារជើងរងរបួស និងខូចខាតសម្ភារទាំងសងខាងផងដែរ។
ក្រោយកើតហេតុ ភាគីទាំងសងខាងបានសម្របសម្រួលគ្នា នៅនឹងកន្លែងកើតហេតុ គឺមិនមានចេញថ្លៃសងការខូចខាតនោះទេ ដោយយកសម្ភារទៅជួសជុសរៀងៗខ្លួន៕
https://youtu.be/RKA852Gd8nU
មតិយោបល់