ព័ត៌មានជាតិ

ប្រើដាវ គំរាមប្លន់យកម៉ូតូបានសម្រេចពេលយប់ ស្អែកឡើងសមត្ថកិច្ចក្របួចជាប់នៅក្នុងផ្ទះសំណាក់ ហូ លីដេ!

ភ្នំពេញៈ ជនសង្ស័យចំនួន៣នាក់ ក្នុងចំណោមបក្ខពួក៦នាក់ ត្រូវកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង តាមស្រាវជ្រាវនិងឃាត់ខ្លួនបាននៅក្នុងបន្ទប់ផ្ទះសំណាក់យីហោ ហូ លីដេ បន្ទាប់ពីក្រុមជនសង្ស័យទាំងនេះ បានប្រើដាវគំរាមប្លន់យកម៉ូតូពីយុវជនម្នាក់បានសម្រេច កាលពីពេលយប់វេលាម៉ោង១និង៤០នាទីទៀបភ្លឺថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៧ តាមបណ្តោយផ្លូវសម្តេចជាសុីម ស្ថិតក្នុងភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យទាំង៣នាក់ ទី១ឈ្មោះ យន់ ដូច ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា , ទី២ឈ្មោះ ចាន់ វណ្ឌី​ ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅភូមិស្លែងរលើង សង្កាត់ទឹកថ្លា (ទាំង២នាក់មានស្រុកកំណើតនៅភូមិប៉ភ្លាក់ ឃុំប៉ភ្លាក់ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម) និងជនសង្ស័យទី៣ឈ្មោះ ដូន ស្រស់ ភេទប្រុស អាយុ២០ឆ្នាំ ធ្វើជាងជុសជុលរថយន្ត ស្នាក់នៅម្តុំផ្សារសំណង់១២ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក មានស្រុកកំណើត ភូមិបារ៉ាយ ឃុំបន្ទាយ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

លោកអនុសេនីយ៍ ដួង វណ្ណៈ នាយនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់គោកឃ្លាងបានប្រាប់Post Newsថា កាលពីវេលាម៉ោង១និង៤០នាទីទៀបភ្លឺ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៧ មានជនសង្ស័យមួយក្រុមមានគ្នា៦នាក់ ជិះម៉ូតូ២គ្រឿង បានធ្វើសកម្មភាពប្រើដាវគំរាមប្លន់យកម៉ូតូ១គ្រឿងម៉ាកឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅពីយុវជនម្នាក់ឈ្មោះ មុត តំុតារា អាយុ១៩ឆ្នាំ នៅចំណុចផ្លូវសម្តេចជាសុីម ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ខណៈជនរងគ្រោះជូនសង្សារទៅផ្ទះ។

ក្រោយពីទទួលបណ្តឹងពីជនរងគ្រោះរួចមក លោកបានធ្វើការស្រាវជ្រាវទើបឈានដល់ការឃាត់ខ្លួនក្រុមជនសង្ស័យបាន៣នាក់ នៅវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៧ នៅក្នុងបន្ទប់ផ្ទះសំណាក់ ហូ លីដេ ស្ថិតក្នុងភូមិស្លែងរលើង សង្កាត់អូបែកក្អម ខណ្ឌសែនសុខ ដោយដកហូតបានម៉ូតូជនរងគ្រោះមកវិញ។ ចំណែកបក្ខពួកជនសង្ស័យ៣នាក់ទៀត កំពុងរត់គេចខ្លួនហើយសមត្ថកិច្ចកំពុងបន្តតាមចាប់។

នៅចំពោះមុខសមត្ថកិច្ច ក្រុមជនសង្ស័យបានឆ្លើយសារភាពថា ក្រុមខ្លួនពិតជាបានចូលរួមធ្វើសកម្មភាពប្លន់យកម៉ូតូពិតប្រាដកមែន។ ក្នុងនោះសមត្ថកិច្ចបានធ្វើតេស្តរកសារធាតុញៀនឃើញថា ពួកគេទាំង៣នាក់មានសារធាតុញៀនទាំងអស់ទៀតផង៕

 

មតិយោបល់