ស្ថានភាពសន្តិសុខនៅអ៊ីរ៉ាក់ មិនទាន់ល្អប្រសើរទាំងស្រុងទេ។ ក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម បាត់បង់ទឹកដីគ្រប់គ្រងមែន តែក្រុមនេះនៅតែមានកម្លាំងប្រយុទ្ធរាយប៉ាយ និងធ្វើភេរវកម្មដដែល។ ជាក់ស្តែងភេរវកម្ម កាលពីថ្ងៃចន្ទទី១៩កក្កដា នៅក្រុងបាកដាដ បណ្តាលឲ្យស្លាប់មនុស្សប្រមាណ២៨នាក់។
តែយ៉ាងណា ស្ថានភាពនៅអ៊ីរ៉ាក់មានលក្ខណៈមិនដូចគ្នាទេ បើប្រៀបធៀបទៅអាហ្វហ្កានីស្ថាន។ កងទ័ពអាមេរិក នៅអាហ្វហ្កានីស្ថាន មានប្រតិបត្តិការជួយផ្នែកផ្លូវអាកាសបានច្រើនណាស់។ ដែលប្រការនេះ គឺធ្វើឲ្យកងទ័ពជាតិអាហ្វហ្កានីស្ថាន បាត់បង់បង្អែកមួយដ៏សំខាន់ នៅពេលដែលអស់វត្តមាន របស់កងទ័ពអាមេរិក។
ដោយឡែក នៅអ៊ីរ៉ាក់វិញ កងទ័ពអាមេរិកដែលត្រូវបានបញ្ជូនទៅធ្វើប្រតិបត្តិការបោសសំអាតក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម កាលពីឆ្នាំ២០១៤នោះ ត្រូវបានដកចេញវិញសឹងទាំងអស់ហើយ ក្នុងអាណត្តិលោកដូណាល់ ត្រាំ។ បច្ចុប្បន្ន វត្តមានកងទ័ពអាមេរិក ឈរជើងនៅអ៊ីរ៉ាក់ នៅសល់តែចំនួន២៥០០នាក់ទេ តែមិនមែនជាក្រុមបេសកកម្មប្រយុទ្ធទេ។ ទាហានអាមេរិក២៥០០នាក់នេះ គឺជាក្រុមជំនួយផ្នែកប្រឹក្សាយោបល់ និងហ្វឹកហាត់តែប៉ុណ្ណោះ។ ដូច្នេះ កម្លាំងការពារសន្តិសុខ ប្រយុទ្ធនឹងក្រុមភេរវកម្ម នៅអ៊ីរ៉ាក់ គឺពឹងផ្អែកខ្លាំងទៅលើសមត្ថភាពកងទ័ពអ៊ីរ៉ាក់ខ្លួនឯង ហើយដែលក្នុងនោះ មានមានក្រុម Hachd al-Chaabi ដែលជាក្រុមប្រដាប់អាវុធកូនចៅអ៊ីរ៉ង់។
មតិយោបល់