ព័ត៌មានជាតិ

បើករថយន្តបុកក្មេងសិស្សសាលា ត្រូវសមត្ថកិច្ចឃាត់ធ្វើការឆែកឆេររកឃើញថ្នាំញៀននិងឧបករណ៍ជាច្រើន!

បាត់ដំបង: លោក វរសេនីយ៍ទោ ផង់​ សុភាព អធិការនគរបាលស្រុកថ្មគោល បានប្រាប់Post News ថា មានការឃាត់ខ្លួនជនសង្ស័យម្នាក់ បានបើករថយន្តបុកក្មេង ស្រាប់តែឆែកឆេរ រកឃើញថ្នាំញៀនមួយចំនួនធំ រួមនឹងឧបករណ៍មួយចំនួនធំ។

ការឃាត់ខ្លួននេះ ធ្វើឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវជាតិលេខ៥ ភូមិប៉ោយយង់ ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង។

សមត្ថកិច្ចបានឲ្យដឹងថា ដំបូងឡើយ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងបង្កដោយរថយន្តម៉ាកកូរ៉ូឡា ពណ៌ស៊ីជម្ពូ ពាក់ស្លាកលេខ ភ្នំពេញ 2X-3630 បើកបរដោយឈ្មោះ កើ ហាំសះ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បានបើកបុកក្មេងសិស្សជិះកង់២នាក់ បណ្តាលរបួសជាទម្ងន់ ហើយត្រូវបានសមត្ថកិច្ចនាំខ្លួនមកកានអធិការដ្ឋាននគរស្រុកថ្មគោល។
ដោយមានការសង្ស័យសមត្ថកិច្ចយើងបានធ្វើការឆែកឆេរលើខ្លួនបុគ្គលរកឃើញមាន៖
– ថ្នាំញៀនម៉ាទឹកកក១ថង់ធំ ទម្ងន់៦៤,៣៣ក្រាម
– ជញ្ជីងថ្លឹងគ្រឿងញៀន០១គ្រឿង
– ស្លាព្រាសម្រាប់ដូសគ្រឿងញៀន០១
– ទូរសព្ទ០១គ្រឿង(ចុចពិលខ្មៅ) ។

បន្តធ្វើការឆែកឆេររថយន្តចាប់យកវត្ថុតាងរួមមាន៖
– ថង់ច្រកគ្រឿងញៀនមួយចំនួនធំ
– ស្លាបព្រាសម្រាប់ច្រកគ្រឿងញៀនចំនួន២
– បំពង់កែវសម្រាប់ជក់ថ្នាំញៀនចំនួន ៦២
– ដែកកេះចំនួន១០ ៕

មតិយោបល់