ព័ត៌មានជាតិ

រថយន្តមិនចាំម៉ាក ពន្លះម៉ូតូពេញទំហឹង ស្លាប់ និងរបួស ២នាក់ នៅខេត្តព្រៃវែង

ព្រៃវែង: កាលពីវេលាម៉ោង៧ និង១០នាទីយប់​ ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានកើតឡើងរវាងរថយន្ត បើកបុកម៉ូតូមួយគ្រឿង បណ្តាលឲ្យភាគីខាងម៉ូតូរបួសធ្ងន់ម្នាក់ និងស្លាប់ម្នាក់ នៅនឹងកន្លែងកើតហេតុ។

ហេតុការណ៍នេះ បានកើតឡើងនៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ៩០ និង៩១ ស្ថិតក្នុងភូមិជ្រលង ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

ជនរងគ្រោះមានឈ្មោះ គង់ រ៉ា ភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់នៅភូមិបឹងត្របរ ឃុំស្តៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង(ស្លាប់) បើកម៉ូតូមួយគ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៧ ពាក់ស្លាកលេខព្រៃវែង 1K-5731 និងអ្នករួមដំណើរម្នាក់មានឈ្មោះ យឹម រតនា ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅភូមិបី ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង(របួសធ្ងន់)។

ប្រភពដដែល បានបន្តថា មុនពេលកើតហេតុ រថយន្តបង្ក និងម៉ូតូរងគ្រោះ បានធ្វើដំណើរបញ្រ្ចាសទិសគ្នា លុះមកដល់ចំណុចកើតហេតុ ភាគីខាងរថយន្តបង្ក បានជ្រុលចង្កូតមកបុកម៉ូតូពេញទំហឹង បណ្តាលឲ្យភាគីខាងម៉ូតូរងរបួសធ្ងន់ម្នាក់ និងស្លាប់ម្នាក់ភ្លាមៗតែម្តង ចំណែកជនបង្ក មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ដោយក្រោយកើតហេតុ បានរត់គេចខ្លួនបាត់ស្រមោល។

បច្ចុប្បន្នសមត្ថកិច្ច ​បាននាំយកវត្ថុតាងទាំងពីរ មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការដោះស្រាយបន្តតាមផ្លូវច្បាប់ រីឯសាកសពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់