ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូ បណ្តាលឲ្យរបួស៥នាក់ នៅស្រុកស្វាយទៀប!

ស្វាយរៀង: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង រវាងម៉ូតូនិងម៉ូតូ បណ្ដាលឲ្យរងរបួសស្រាលចំនួន៥នាក់ ក្នុងនោះមានស្រីចំនួន២នាក់។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៣និង៤០នាទីរសៀល នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ១ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៣៧-១៣៨ ស្ថិតក្នុងភូមិប្រសូត្រ១ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

ជនបង្កមានឈ្មោះ សៅ សុណាន់ ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរកម្មករ ជនជាតិខ្មែរ បើកម៉ូតូមួយគ្រឿង ម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2GB-864(របួសស្រាល) និងអ្នករួមដំណើរចំនួន២នាក់ ទី១ឈ្មោះ សេង វណ្ណា ភេទស្រី អាយុ៣៧ឆ្នាំ (របួសស្រាល) ទី២ឈ្មោះ សុច មិថុនា ភេទស្រី អាយុ៨ឆ្នាំ(របួសស្រាល)ទាំង៣នាក់ស្នាក់នៅភូមិអង្គស្វាយ ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

ចំណែកជនរងគ្រោះមានឈ្មោះ ប៉ុល សុធា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ(របួសស្រាល) បើកម៉ូតូមួយគ្រឿង ម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង 1H-8225 និងអ្នករួមដំណើរម្នាក់ឈ្មោះ ទឹម ឌីណា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកសិករ ទាំង២នាក់ស្នាក់នៅស្រុកចន្ទ្រា ខេត្តស្វាយរៀង។

ប្រភពដដែល បានបន្តថា មុនពេលកើតហេតុ ភាគីខាងម៉ូតូបង្កនិងម៉ូតូរងគ្រោះ បានធ្វើដំណើរស្របទិសគ្នា ពីកើតទៅលិច លុះមកដល់់ចំណុចកើតហេតុ ភាគីខាងម៉ូតូបង្ក បានបត់ឆ្វេងរួចជ្រុលចង្កូតទៅបុកជនរងគ្រោះពេញទំហឹង បណ្តាលឲ្យភាគីទាំងសងខាងរងរបួសស្រាលចំនួន៥នាក់ រួចបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យស្រុកស្វាយទៀប។

ក្រោយកើតហេតុ សមត្ថកិច្ចបាននាំយកមធ្យោបាយធើ្វដំណើរទាំង២ មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការដោះស្រាយបន្តតាមផ្លូវច្បាប់៕

មតិយោបល់