ព័ត៌មានជាតិ

អ៉ីចឹងតើ បានចេះតែបាត់កញ្ចក់រថយន្ត!

ភ្នំពេញ: ជនសង្ស័យ២នាក់ ជិះម៉ូតូស្មាក់មួយគ្រឿង មកធ្វើសកម្មភាពកាច់កញ្ចក់រថយន្តគេបានហើយ ព្យាយាមបើករត់ តែត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹក ដេញតាមពីក្រោយចាប់បានទាំង២នាក់ភ្លាមៗ នៅវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧
តាមបណ្ដោយផ្លូវ៤៣០ ត្រង់ចំណុចខាងក្រោយផ្សារសុវណ្ណា ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចម្ការមន។

ជនសង្ស័យទី១ឈ្មោះ អាត រតន: ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបកម្មករសំណង់ ស្នាក់នៅម្ដុំវត្តទុំ ខណ្ឌដូនពេញ និងជនសង្ស័យទី២ មានឈ្មោះ ហួច ចាន់ចូវី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបកម្មករសំណង់ ស្នាក់នៅម្ដុំផ្សារអូរឫស្សី ខណ្ឌ៧មករា។

មុននឹងឈានដល់ការឃាត់ខ្លួនបានជនសង្ស័យខាងលើ កម្លាំងនគរបាលទំនប់ទឹកបានដើរល្បាតក្នុងភូមិសាស្ត្រ ដើម្បីទប់ស្កាត់បទល្មើសផ្សេងៗ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ស្រាប់តែប្រទះឃើញជនសង្ស័យបើកម៉ូតូ១គ្រឿង ម៉ាកស្មាក់រ៉េវ៉ូ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1Y-6784 នៅចំនុចកើតហេតុខាងលើ ពេលធ្វើសកម្មភាពកាច់បានហើយ ក៏នាំគ្នាប្រញាប់ឡើងម៉ូតូជិះបើករត់ ត្រូវបានកម្លាំងសមត្ថកិច្ចដេញតាមពីក្រោយក្របួចបានទាំង២នាក់ភ្លាមៗ រួចធ្វើការឆែកឆេររកឃើញកញ្ចក់រថយន្តមួយគូតែម្ដង។

ជនសង្ស័យទាំង២នាក់ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពកាច់កញ្ចក់រថយន្តពិតប្រាកដមែន។ កន្លងមករូបគេទាំង២នាក់ធ្លាប់កាច់កញ្ចក់រថយន្តបានចំនួន២លើកមកហើយ រួចយកទៅលក់នៅផ្សារតូចទើបតែពេលនេះត្រូវអស់លក្ខណ៍សមត្ថកិច្ចឃាត់ខ្លួនបានតែម្ដង៕

មតិយោបល់