ព័ត៌មានជាតិ

ដាក់អត្តសញ្ញាណប័ណ្ណនៅ«មជ្ឈមណ្ឌលឱកាសការងារខ្ញុំ» ដល់ពេលដកវិញអត់បាន រត់រកប៉ូលិសឲ្យជួយ តែបែរជាថា «ជួយអត់បានទេ»!

ភ្នំពេញៈ យុវជនចំនួន៤នាក់ បានមកដាក់ពាក្យចូលធ្វើការងារនៅក្នុងក្រុមហ៊ុន «មជ្ឈមណ្ឌលឱកាសការងារខ្ញុំ» ដោយបានធ្វើកិច្ចសន្យា ទាំងមិនទាន់បានស្គាល់ពីទីតាំងក្រុមហ៊ុននិងការងារដែលខ្លួនត្រូវធ្វើជាអ្វីផង ហើយក្រុមហ៊ុននោះបានតម្រូវឲ្យពួកគេដាក់ទាំងអត្តសញ្ញាណប័ណ្ណផងដែរ លុះក្រោយពេលធ្វើកិច្ចសន្យានិងដាក់ទាំងអត្តសណ្ណាណប័ណ្ណហើយរួចរាល់ ទើបពួកគេនាំគ្នាទៅកាន់ក្រុមហ៊ុន ពេលទៅដល់ឃើញការងារលំបាកពេក មិនអាចធ្វើកើតព្រោះជាការងារលីសែងនោះ ក៏ប្ដូរចិត្តលែងធ្វើនិងបានសុំយកអត្តសញ្ញាណ ប័ណ្ណពីក្រុមហ៊ុននោះវិញ តែក្រុមហ៊ុននោះមិនព្រមឲ្យវិញឡើយ ទើបពួកគេនាំគ្នាធ្វើដំណើរទៅកាន់ប៉ុស្ដិ៍ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង៥និង១៥នាទីល្ងាចថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧ ដើម្បីឲ្យជួយដកយកអត្តសញ្ញាណប័ណ្ណរបស់ពួកគេមកវិញ ម្យ៉ាងការរកការងារធ្វើនេះ គឺដឹងតាមរយៈការប្រកាសតាមវិទ្យុ ទើបនាំគ្នាចេញពីស្រុក មករកដល់ភ្នំពេញ។

យុវជនទាំងខាងលើនោះ ទី១ឈ្មោះ នាក់ ឌី អាយុ២៣ឆ្នាំ , ទី២ឈ្មោះ ប៉ាក ពុំ អាយុ២៤ឆ្នាំ , ទី៣ឈ្មោះ ទាម ទី អាយុ២០ឆ្នាំ និង៤ ឈ្មោះ លាង មករា អាយុ២០ឆ្នាំ អ្នកទាំង៣នាក់ ស្នាក់នៅភូមិត្រពាំងបី ឃុំត្រពាំងបី ស្រុកឈូក ខេត្តកំពត។

តាមប្រភពព័ត៌មានបានឲ្យដឹងថា អ្វីដែលធ្វើឲ្យយុវជនទាំងនោះមានការខកចិត្តនោះ គឺទៅដល់ប៉ុស្ដិ៍ត្រូវបាននគរបាលប៉ុស្តិ៍ចោមចៅ១ម្នាក់ បានហៅពួកគេទៅអង្គុយជុំគ្នា នៅលើបង់ថ្មក្រោមដើមស្វាយ១ដើម ហើយបានយកក្រដាស់កិច្ចសន្យា១ច្បាប់ ដែលយុវជនទាំងនោះធ្វើជាមួយថៅកែ និងបានអាននូវខ្លឹមសារកិច្ចសន្យាផង និងពន្យល់ដល់ពួកគេផង ឮរហូតដល់ចាប់ចុងចប់ដើម។ ប៉ុន្តែទីបំផុតមន្រ្តីនគរបាលរូបនោះ មិនបានជូនពួកគេទៅយកអត្តសញ្ញាណប័ណ្ណវិញឡើយ ហើយព្រមទាំងបន្លឺវាចារថា «ខ្ញុំជួយពួកអូនឯងមិនបានទេ នគរបាលមិនអាចធ្វើអ្វីដែលខុសច្បាប់បានឡើយ ព្រោះប្អូនឯងទាំងអស់គ្នាបានធ្វើកិច្ចសន្យាជាមួយក្រុមហ៊ុនអស់ហើយ » ។ ដែលការនិយាយបែបនេះ មន្រ្តីនគរបាលខាងលើមិនទាន់ទាំងបានជួបនិយាយគ្នាជាមួយតំណាងក្រុមហ៊ុននោះមួយម៉ាត់ ដើម្បីសុំយកអត្តសញ្ញាណប័ណ្ណឲ្យយុវជនទាំង៤នាក់នោះ ឲ្យដឹងថាបានឬមិនបាននៅឡើយទេ៕

មតិយោបល់