ព័ត៌មានជាតិ

អត់រាង! ជាប់គុកម្តងចេញមកវិញជួញលើសដើម ថែមទាំងមានដាវទៀត

​ភ្នំពេញៈ អ្នកជួញដូរគ្រឿងញៀនយ៉ាងសកម្មម្នាក់ ត្រូវបានកម្លាំងនគរបាលនៃមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី អ៊ឹង ហាវ នាយរងទទួលផែនការិយាល័យនិតិវិធីនៃមន្ទីរប្រឆាំងគ្រឿងញៀន ក្រោមការចូលរួមពីលោកក្រឡាបញ្ជី សាលាដំបូងរាជធានីភ្នំពេញ។ ចុះទៅធ្វើការបង្ក្រាបនិងចាប់ខ្លួន ដោយដកហូតបានគ្រឿងញៀនចំនួន២៣កញ្ចប់ រួមជាមួយវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀតផងដែរ ដែលការចាប់ខ្លួននោះក្រោយពេលដែលទទួលបានព័ត៌មានពីប្រជាជពលរដ្ឋនៅក្នុងមូលដ្ឋាន។

បន្ទាប់ពីជននោះត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ចាប់ខ្លួនបានម្ដងរួចមកហើយ កាលពីជាង៣ខែមុន ហើយពួកគាត់ខំតែអរថាជននេះមានវាសនាបានដេកគុកយូរហើយ ផ្ទុយទៅវិញ ស្រាប់តែពេលនេះបានលេចមុខមកជួញដូរគ្រឿងញៀនទៀត ទើបរាយការណ៍ជូននគរបាលខាងលើឲ្យម្ដងទៀត។

ការចាប់ខ្លួននោះបានធ្វើឡើង កាលពីវេលាម៉ោង៤និង១០នាទីល្ងាច ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចក្នុងភូមិត្រពាំង រំចេក សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យដែលត្រូវចាប់ខ្លួននោះឈ្មោះ ស៊ុន កាស៊ី អាយុ៣៥ឆ្នាំ ជាមេខ្លោងក្រុមជួញដូរគ្រឿងញឿន ស្នាក់នៅផ្ទះជួលនៅក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១។ ខណៈនោះកម្លាំងនគរបាលដកហូតបានគ្រឿងញៀនចំនួន២៣កញ្ចប់រួមជាមួយដាវចំនួន៣ដើម ព្រមទាំងសម្ភារៈមួយចំនួនទៀត។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យម្នាក់នេះគឺជាមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្មម្នាក់ ដែលកន្លងមកបានធ្វើសកម្មភាពយ៉ាងលេចធ្លោរ ហើយកាលពីវេលាម៉ោង៩និង៥០នាទីព្រឹក ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ ជាង៣ខែមុន ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ធ្វើការចាប់ខ្លួនដល់ចំណុចបន្ទប់ផ្ទះជួលមួយកន្លែង ដែលមានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ដែលកាលនោះជននេះត្រូវចាប់ខ្លួនរួមជាមួយនិងបក្សពួក២នាក់ទៀតរួមមាន
១,ឈ្មោះ ថុល សុវណ្ណារិទ្ធ អាយុ១៧ឆ្នាំ និង២,ឈ្មោះ ថុន សុង អាយុ១៩ឆ្នាំ ហើយអ្នកទាំង២នាក់នោះ ស្នាក់នៅក្នុងភូមិជាមួយមេខ្លោងខាងលើនោះដែរ។

ប្រភពដដែលបានបន្តទៀតថា ខណៈនោះកម្លាំងនគរបាលដកហូតបានគ្រឿងញៀនចំនួន៩កញ្ចប់ ដោយកញ្ចប់មធ្យមចំនួន៧កញ្ចប់និងកញ្ចប់ធំនួន២កញ្ចប់ មានទម្ងន់ប្រហែលជាង២ខាំ បន្ទាប់មកនគរបាលបានសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញរួចរាល់ហើយ ចំណែកប្រជាពលរដ្ឋក៏មានការត្រេកអរដែរ ដោយនឹកស្មានថាមេខ្លោងជួញដូរគ្រឿងញៀនម្នាក់នេះ អាចទទួលទោសទណ្ឌបានយូរ ប៉ុន្តែផ្ទុយទៅវិញបានតែជាង៣ខែប៉ុណ្ណោះ ស្រាប់តែលេចមុខជួញដូរគ្រឿងញៀនជាថ្មីឡើងវិញ ទើបប្រជាពលរដ្ឋរាយការណ៍ជូននគរបាលមន្ទីរប្រឆាំងគ្រឿងញៀន ចុះចាប់ម្ដងទៀតជាលើកទី២ ហើយចាំមើលជាប់ប៉ុន្មានខែរួចបានមកជួញដូរទៀត។ ដោយឡែកកម្លាំងនគរបាលក្រោយពេលចាប់បាន បាននាំជនសង្ស័យខាងលើទៅឆែកឆេរផ្ទះជួលនៅក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ទើបរកឃើញគ្រឿងញៀនច្រើនកញ្ចប់ខាងលើនោះ បន្ទាប់មកបាននាំទៅកាន់ មន្ទីរដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងចាត់ការតាមច្បាប់៕
https://youtu.be/9KfPAYgkRlc

មតិយោបល់