ព័ត៌មានជាតិ

រកឃើញភ្លុកដំរីខុសច្បាប់ចំនួន២៧៩ដុំ ក្នុងទូកុងតឺន័របស់ក្រុមហ៊ុន Cam Transit Import Co., Ltd មកពីប្រទេស Mozambique

ព្រះសីហនុ: កាលពីរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧ សមត្ថកិច្ចចម្រុះជាច្រើននាក់ បានចុះកាត់ស៊ីលទូកុងតឺន័រចំនួន៣ទូ ដែលស្តុកទុកក្នុងឃ្លាំងនៅកំពង់ផែព្រះសីហនុ រកឃើញភ្លុកដំរី ចំនួន២៧៩ដុំ ដែលឈ្មួញនាំចូលខុសច្បាប់បង្កប់ក្នុងឈើ។

ប្រតិបត្តិការនេះ មានការចូលរួមសម្របសម្រួលពីលោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ដឹកនាំកម្លាំងរួមមានមន្ត្រីកំពង់ផែ មន្ត្រីនគរបាល មន្ត្រីកាំកុងត្រូល ភ្នាក់ងារស៊ើបអង្កេតរបស់ស្ថានទូតអាមេរិក មន្ត្រីសាខាគយ និងរដ្ឋាករកំពង់ផែអន្ដរជាតិក្រុងព្រះសីហនុ។

ជាលទ្ធផលសមត្ថកិច្ចបានរកឃើញភ្លុកដំរី ចំនួន២៧៩ដុំ ស្មើនឹង៩៤១.៤១គីឡូក្រាម ដែលឈ្មួញនាំចូលបង្កប់ជាមួយឈើលាក់ទុកក្នុងកុងតឺន័រ ចំនួន៣ទូ របស់ក្រុមហ៊ុន Cam Transit Import Co., Ltd មកពីប្រទេស Mozambique កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ ដែលបានប្រកាសថាជាប្រភេទឈើចំនួន ២៩pkgs ទម្ងន់ស្មើនឹង ៥៥,២១៣kgs និងផ្អែកលើលទ្ធផលរូបភាព ផ្ដល់ដោយម៉ាស៊ីនស្គែន ព្រមទាំងខាងម្ចាស់ទំនិញ មិនបានចូលខ្លួន មកបំពេញបែបបទយកទំនិញតាមសេចក្ដី ជូនដំណឹងរបស់សាខាគយ និងរដ្ឋាករកំពង់ផែអន្ដរជាតិក្រុងព្រះសីហនុនោះទេ ទើបឈានទៅដល់ការបើកកុងតឺនរ័ត្រួតពិនិត្យរកឃើញភ្លុកដំរីខុសច្បាប់នេះតែម្តង៕

មតិយោបល់