ព័ត៌មានជាតិ

តុលាការផ្តន្ទាទោស ពូបង្កើតដែលសម្លាប់ក្មួយស្រីប្លន់យកទ្រព្យ ដាក់គុក ១៥ឆ្នាំ

ភ្នំពេញៈ ក្រោយពីបាន បើកសវនាការដេញដោលចប់សព្វគ្រប់ នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៧ ដដែលលោក លឹម មករន្ទ ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ បានប្រកាសសាលក្រមផ្តន្ទាទោស ជនជាប់ចោទ ជាពូបង្កើតដែលសម្លាប់ក្មួយស្រី ប្លន់យកទ្រព្យសម្បត្តិ ដាក់ពន្ធនាគារកំណត់រយៈពេល ១៥ឆ្នាំ។

លោកស្រី ស៊ឺ វណ្ណនី ជាតំណាងអយ្យការ បានចោទប្រកាន់ជនជាប់ចោទឈ្មោះ ពៅ វុទ្ធី ភេទប្រុស អាយុ ២៤ឆ្នាំ ពីបទ ឃាតកម្ម លើជនរងគ្រោះ ឈ្មោះ ពៅ សុភក្តិ ភេទស្រី អាយុ ២៣ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ប្រព្រឹត្តកាលពីយប់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ ចំណុចផ្ទះ៤៤៣ ផ្លូវបេតុង ភូមិព្រែកជាងព្រំ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ យោងតាមមាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌ។

នៅក្នុងសវនាការជនជាប់ចោទបាន សារភាពថាខ្លួន ពិតជាបាន លួចទូរស័ព្ទរបស់ជនរងគ្រោះមែន។ ដោយសារជនរងគ្រោះមកទាន់ទើបខ្លួន វាយ ច្របាច់ក និងយកខ្សែភ្លើងរឹត កសម្លាប់ជនរងគ្រោះសម្លាប់តែម្តងទៅ។

ក្រោយពីសម្លាប់ជនរងគ្រោះរួច ខ្លួនបានចងដៃ ចងជើងប្អូនស្រីរបស់ជនរងគ្រោះ ដែលមានអាយុ ២ឆ្នាំម្នាក់ទៀត។

គួររំលឹកថា សមត្ថកិច្ចស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងនគរបាលព្រហ្មទណ្ឌខណ្ឌច្បារអំពៅ បានឃាត់ខ្លួនជនជាប់ចោទ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ និងកសាងសំណរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕

មតិយោបល់