អាមេរិកៈ មន្រ្តីរដ្ឋបាលជាន់ខ្ពស់ទីក្រុងវ៉ាស៊ីនតោន បាននិយាយថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងទទួលស្គាល់ក្រុងយេរូសាឡឹមថា ជារដ្ឋធានីរបស់អ៊ីស្រាអែល បើទោះបីមានការព្រមានពីសម្ព័ន្ធមិត្ដ និងអន្ដរជាតិក៏ដោយ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៧។
ប៉ុន្តែក្រុមមន្រ្តី ក៏បានបញ្ជាក់ដែរថា លោក ត្រាំ អាចនឹងមិនទាន់ផ្លាស់ប្ដូរទីតាំងស្ថានទូតពីទីក្រុងតេឡាវ៉ាវ ទៅកាន់ទីក្រុងយេរូសាឡឹមភ្លាមៗនោះទេ ខណៈដែលព័ត៌មាននេះ បានលេចឡើងមុនពេលការថ្លែងសុន្ទរកថារបស់លោកនៅថ្ងៃពុធនេះតែប៉ុណ្ណោះ។
ពាក់ព័ន្ធនឹងបញ្ហានេះ ពួកមេដឹកនាំអារ៉ាប់ បានព្រមានប្រឆាំងទៅនឹងការផ្លាស់ប្តូរទីតាំងស្ថានទូតអាមេរិក នៅក្នុងប្រទេសអ៊ីស្រាអែលផងដែរ ដោយបានលើកទ្បើងថា ទង្វើនេះគឺជាការបង្កហេតុដោយចេតនា មកកាន់ពួកមូស្លីម។
សូមជំរាបថា ទីក្រុងយេរូសាឡឹមជាកន្លែងដ៏ពិសិដ្ឋមួយ សម្រាប់អ៊ីស្រាអែល និងប៉ាឡេស្ទីនគោរពបូជា ដែលកំពុងមានភាពចម្រូងចម្រាសដាក់គ្នាយ៉ាងខ្លាំង៕


មតិយោបល់