ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ត្រូវនគរបាលឃាត់ខ្លួនជាក់ស្តែង ពីបទប៉ុនប៉ងលួចទ្រព្យ មានស្ថានទម្ងន់ទោស ដោយសារការគាស់ទម្លុះទម្លាយ

(ភ្នំពេញ)៖ ជន សង្ស័យម្នាក់ ត្រូវបាននគរបាលឃាត់ខ្លួនជាក់ស្តែង ពីបទប៉ុនប៉ងលួចទ្រព្យសម្បត្តិ មានស្ថានទម្ងន់ទោស ដោយសារការគាស់ទម្លុះទម្លាយ តែមិនបានសម្រេច។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៥ ជិតភ្លឺ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦ ប្រព្រឹត្តនៅចំណុចក្រុមហ៊ុន S-cool ដែលមានទីតាំងនៅ ផ្ទះលេខ៩០១ ផ្លូវលេខ១២៨ ក្រុមទី២៧ ភូមិ៨ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនសង្ស័យ ឈ្មោះ មុត មករា ហៅ ចិន ភេទ ប្រុស អាយុ ៣៥ឆ្នាំ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះជួល (ពុំចាំលេខ) ផ្លូវរថភ្លើង សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះ ឈ្មោះ សឹង ប៊ុនថេង ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ បុគ្គលិកក្រុម ហ៊ុន S-cool ស្នាក់នៅផ្ទះលេខ៤២ ផ្លូវលេខ២ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ក្រោយពេលកើតហេតុ នគរបាល បានដកហូត ឃើញមានវត្ថុតាង រួមមាន កន្រៃ្តកាត់ដែក ពណ៌លឿង ចំនួន ០១ ដង្កាប់អូតូម៉ាទិច ចំនួន ០១ ដង្កាប់ដង ពណ៌ក្រហម ចំនួន ០១ កូនសោរ ចំនួន ០២ ដែក សម្រាប់ឆ្កឹះមេសោរ ចំនួន ០១ កូនកាំបិត ដងពណ៌ក្រហម ចំនួន ០១ និង ទូណឺវីុស រាងអក្សរតេ ចំនួន ០១ ផងដែរ។

តាមប្រភពព័ត៌ មានបានឱ្យ Post News ដឹងថា នៅមុនពេលកើតហេតុ វេលាម៉ោងប្រហែល ៥ ជិតភ្លឺ ប្រព័ន្ធសុវត្ថិភាព ក្រុមហ៊ុនខាងលើ បានផ្តល់សញ្ញាសុវត្ថិភាព ដោយបញ្ជាក់ថា មានមនុស្សចូលក្រុមហ៊ុន ភ្លាមនោះខាងក្រុមហ៊ុន បានជូនដំណឹងទៅខាងសន្តិសុខ និងបានផ្តល់ពត៌មានជូនសមត្ថកិច្ច នគរបាលប៉ុស្តិ៍ទឹកល្អក់ទី១ បានចុះទៅដល់កន្លែងកើតហេតុ ឃើញជនសង្ស័យ មានគ្នាចំនួន ០៣នាក់ កំពុងធ្វើសកម្មភាព ឆ្កឹះសោរផ្ទះជនរងគ្រោះ បម្រុងជញ្ជូនសំភារៈចេញ ប៉ុន្តែគ្រាន់តែក្រឡេកឃើញសមត្ថកិច្ច ជនសង្ស័យ ០២នាក់ បានរត់គេចខ្លួនបាត់ នៅសល់ជនសង្ស័យ ០១នាក់ នៅនឹងកន្លែងកើតហេតុ ខណៈមានការសហការជាមួយម្ចាស់ទីតាំង ទើបនគរបាលឃាត់ខ្លួន បានជាក់ស្តែងតែម្តង។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវនគរបាល ឃាត់ខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាល ខណ្ឌទួលគោក ដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់៕

photo_2016-04-10_09-38-59photo_2016-04-10_09-38-53

មតិយោបល់