ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ ស្លាប់ម្នាក់ របួសធ្ងន់២នាក់ នៅរតនគិរី!

រតនគិរីៈ លោកវរសេនីយ៍ទោ ថេង ចន្ទ័ធី អធិការនគរបាលស្រុកលំផាត់ បានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យរបួសធ្ងន់ចំនួន២នាក់ និងស្លាប់ស្រ្តីម្នាក់ភ្លាមៗ នៅនឹងកន្លែង។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៦និង៣៥នាទីយប់ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧ នៅខាងមុខផ្ទះឈ្មោះ ធុច ណាត លើផ្លូវជាតិលេខ៧៦ ចន្លោះបង្គោលគីឡូម៉ែត្រលេខ២៨២-២៨៣ ស្ថិតក្នុងភូមិព្រួក ឃុំបាតាង ស្រុកលំផាត់ ខេត្តរតនគិរី។

ម្ចាស់ម៉ូតូមានឈ្មោះ ហ៊ីន ខ្មៅ ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិទំពួន មុខរបរកសិករ (របួសធ្ងន់) បើកម៉ូតូមួយគ្រឿង ម៉ាកវ៉េវ ពណ៌ក្រហម គ្មានស្លាកលេខ។ និងអ្នករួមដំណើរចំនួន២នាក់ ទី១ឈ្មោះ ជុញ ណិវ ត្រូវជាប្រពន្ធ អាយុ៣៧ឆ្នាំ ជនជាតិទំពួន មុខរបរកសិករ (ស្លាប់ក្រោយពេលទៅដល់ពេទ្យ) ទី២ឈ្មោះ ខ្មៅ ហេវ ត្រូវជាកូន ភេទប្រុស អាយុ៦ឆ្នាំ ជនជាតិទំពួន(របួសធ្ងន់) អ្នកទាំង៣នាក់ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។

ចំណែកម្ចាស់រថយន្ត មានឈ្មោះ ភ័ណ្ឌ ពន្លក ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅភូមិកាត់ដៃ ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ បើករថយន្ត មួយគ្រឿង ម៉ាកកាមរី ស៊េរីឆ្នាំ៩១ ពាក់ស្លាកលេខភ្នំពេញ2B-4861 និងអ្នករួមដំណើរចំនួន៣នាក់ស្រី ពុំមានអ្នករងរបួសទេ។
ប្រភដដែល បានបន្តថា មុនពេលកើតហេតុ រថយន្តនិងម៉ូតូ បានធ្វើដំណើរស្របទិសគ្នា លុះមកដល់ចំណុចកើតហេតុ ភាគីខាងម៉ូតូបានបត់ឆ្វេងដៃ ដោយម៉ូតូគ្មានភ្លើងស៊ីញូ ខណៈនោះរថយន្តបានជ្រុលចង្កូតមកបុកម៉ូតូពេញទំហឹង បណ្តាលឲ្យភាគីខាងម៉ូតូព្រមទាំងអ្នករួមដំណើរ រងរបួសធ្ងន់ទាំងចំនួន២នាក់ និងស្លាប់ស្រ្តីម្នាក់ ខណៈបញ្ជូនដល់មន្ទីរពេទ្យ។

ក្រោយកើតហេតុ សមត្ថកិច្ចបាននាំយកវត្ថុតាង មករក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុក ដើម្បីធ្វើការដោះស្រាយបន្តតាមផ្លូវច្បាប់។ ចំណែកសាកសពប្រគល់ជូនក្រុមគ្រួសារយកទៅធើ្វបុណ្យតាមប្រពៃណី៕

មតិយោបល់