ព័ត៌មានជាតិ

លោកស្នងការ អំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ទៅដាក់ពាក្យបណ្តឹងជូនសមត្ថកិច្ចជាបន្ទាន់រាល់ករណី គាស់ផ្ទះ លួច ឆក់ ប្លន់ …

ព្រះសីហនុៈ នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩នេះ លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ទាំងភ្ញៀវទេសចរណ៍ អ្នកវិនិយោគជាតិ និងអន្តរជាតិ ទាំងអស់ក្នុងខេត្ត ត្រូវប្រញាប់ទៅដាក់ពាក្យបណ្តឹងមកសមត្ថកិច្ច ដែលនៅជិតខ្លួនជាបន្ទាន់រាល់ករណី លួច ឆក់ ប្លន់ គាស់ផ្ទះ រឺ ករណីល្មើសណា ដែលបង្កភាពអសន្តិសុខដល់សេចក្តីសុខក្នុងការរស់នៅ ដែលទាំងនេះជាកិច្ចជួយសហការដល់សមត្ថកិច្ចក្នុងការកំណត់មុខសញ្ញា ដើម្បីបង្ការ និងបង្រ្កាបទាន់ពេលវេលា។

លោក ជួន ណារិន្ទ មានប្រសាសន៏នៅក្នុងកិច្ចប្រជុំមួយស្តីពីការរឹតបណ្តឹងសន្តិសុខសណ្តាប់ធ្នាប់ សាធារណៈ បូកសរុបរបាយការណ៍ ៣ខែកន្លងទៅ និងលើកទិសដៅបន្ត។

ក្រោយពីលោកវរៈសេនីយ៍ អធិការ ទាំង៤ក្រុង-ស្រុក ឡើងធ្វើរបាយការណ៍ ៣ខែកន្លងមកស្តីអំពី ស្ថានភាពជាក់ស្តែង បទល្មើសផ្សេងៗ និងចំណាត់ការរបស់អធិការដ្ឋាននិមួយៗរួច លោក ក៏បានកោតសរសើរកិច្ចខំប្រឹងប្រែងរបស់កងកម្លាំងសមត្ថកិច្ចក្រោមឱវាទផងដែរ។

លោក ស្នងការបានមានប្រសាសន៏ចង្អុលបង្ហាញថា «យើងត្រូវតែបំពេញឲ្យបានជាដាច់ខាតរាល់ចន្លោះប្រហោងណាមួយក្នុងភូមិសាស្ត្រ ដែលសមត្ថកិច្ចយើងមានដោយប្រការអចេតនា ហើយត្រូវប្រើប្រាស់កម្លាំងជំនាញឲ្យអស់លទ្ធភាព ដើម្បីទប់ស្កាត់ កាត់បន្ថយ ដាក់វិធានការបង្រ្កាប ដោយផ្អែកលើជំនាញសមត្ថកិច្ចប្រកបដោយវិជ្ជាជីវៈ ហើយអ្វីដែលរំខានដល់សេចក្តីសុខរបស់ប្រជាពលរដ្ឋយើងដាច់ខាតត្រូវតែបង្ក្រាប»។

លោកស្នងការបញ្ជាក់ថា ការប្រមូលផ្តុំកម្លាំងអន្តរាគមន៍ទាំងអស់ ១០០% ត្រូវតែមានជានិច្ច២៤ម៉ោងលើ២៤ម៉ោង ដើម្បីទប់ស្កាត់ បង្រ្កាបទាន់ពេលវេលា ហើយបានចង្អុលបង្ហាញបន្ថែមឲ្យអធិការទាំងអស់ត្រូវយកចិត្តទុកដាក់បន្ថែមរាល់ករណីដែលកើតមាន ត្រូវចុះត្រួតពិនិត្យឲ្យបានច្បាស់លាស់ ហ្មត់ចត់ហើយធ្វើរបាយការណ៍បន្តមកស្នងការដ្ឋានតាមជំនាញ និងឋានានុក្រមដើម្បីមានចំណាត់ការ។

ជាចុងក្រោយលោក ជួន ណារិន្ទ ក៏បានជម្រុញបន្ថែមឲ្យកម្លាំងជំនាញទាំងអស់ចុះធ្វើសកម្មភាពផ្សព្វផ្សាយអប់រំ ធ្វើវេទិកាសាធារណៈ ជាមួយប្រជាពលរដ្ឋ សន្តិសុខឯកជន និងប្រជាការពារ ឲ្យបងប្អូនទាំងអស់ចូលរួម បង្កើនកិច្ចសហការល្អជាមួយសមត្ថកិច្ចជំនាញ ដើម្បីជាភាពងាយស្រួលដល់ការបង្ការ ទប់ស្កាត់ ការពារ និងបង្រ្កាបបទល្មើសផ្សេងៗទាន់ពេលវេលា៕

មតិយោបល់