ភ្នំពេញៈ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ ត្រូវបានសមាជិកសភា ព្រឹទ្ធសភា មកគណបក្សប្រជាជនកម្ពុជាលើមកពិភាក្សា ដើម្បីដោះស្រាយការការប្រែប្រួលអាកាសធាតុ និងជំរុញការវិនិយោគដែលបញ្ចេញកាបូនទាបប្រកបដោយចីរភាពនៅពេលអនាគត កិច្ចពិភាក្សានេះធ្វើឡើងក្រោមវត្តមានសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា។
លោក អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការ តំណាងលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានជម្រាបជូនអង្គប្រជុំជ្រាបថា “សន្និសីទប្រចាំឆ្នាំនៃបណ្តាភាគីអនុសញ្ញាក្របខណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) លើកទី២១ (CoP21) នៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីចុងឆ្នាំ២០១៥ បានអនុម័តកិច្ចព្រមព្រៀងជាប្រវត្តិសាស្រ្ត ហៅថា កិច្ចព្រមព្រៀងទីក្រុងប៉ារីស ដើម្បីដោះស្រាយការការប្រែប្រួលអាកាសធាតុ និងជំរុញការវិនិយោគដែលបញ្ចេញកាបូនទាបប្រកបដោយចីរភាពនៅពេលអនាគត”។
មន្រ្តីរូបនេះបន្តថា រហូតមកដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ នេះ មានប្រទេសចំនួន៧៦ ក្នុងចំណោម ១៩៧ បានផ្តល់សច្ចាប័ន លើកិច្ចព្រមព្រៀងទីក្រុងប៉ារីស ហើយដែលប្រទេសទាំង៧៦នេះមានបរិមាណឧស្ម័នផ្ទះកញ្ចក់ដែលបញ្ចេញសរុបលើសពី ៥៥% នៃបរិមាណបញ្ចេញទូទាំងពិភពលោក ដែលជាលក្ខខណ្ឌគ្រប់គ្រាន់សម្រាប់ឱ្យកិច្ចព្រមព្រៀងនេះបានឈានដល់ចំណុចដៅនៃការចូលជាធរមាន។
លោកបានបញ្ជាក់ថា ការអនុម័តយល់ព្រមរបស់សមាជិក សមាជិការដ្ឋសភានិងព្រឹទ្ធសភានាថ្ងៃនេះលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស គឺជាកិច្ចការប្រវត្តិសាស្រ្តមួយ ដែលនឹងធ្វើឱ្យកម្ពុជាមានកាតព្វកិច្ចដូចបណ្តាប្រទេសអភិវឌ្ឍន៍តិចតួច និងប្រទេសកំពុងអភិវឌ្ឍន៍ដទៃទៀត ក្នុងការចូលរួមអនុវត្ត «ផែនការស្តីពីការចូលរួមចំណែករបស់រដ្ឋភាគីក្នុងការអនុវត្តអនុសញ្ញា : Nationally Determined Constribution: NDC» របស់ខ្លួន ហើយកម្ពុជានឹងទទួលអត្ថប្រយោជន៍សំខាន់ៗដូចជា សហគមន៍អន្តរជាតិទទួលស្គាល់ឆន្ទៈនយោបាយ ការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការចូលរួមដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ
,ជំរុញឱ្យប្រទេសមានឧស្សាហម្មជឿនលឿននាំមុខក្នុងការអនុវត្តកាតព្វកិច្ចតាមផ្លូវច្បាប់ និងមានការទទួលខុសត្រូវចំពោះការប្តេជ្ញារបស់ខ្លួន។
ក្រៅពីនេះកម្ពុជាក៏អាចនឹងទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុ ការផ្ទេរបច្ចេកវិទ្យា និងការកសាងសមត្ថភាព បន្ថែម ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយ ជាពិសេសសការអនុវត្តសកម្មភាពលើកកម្ពស់ប្រសិទ្ធភាពថាមពល និងថាមពលកកើតឡើងវិញ ការការពារព្រៃឈើ ការកែលំអហេដ្ឋារចនា សម្ព័ន្ធផ្សេងៗ ដែលធន់នឹងអាកាសធាតុ និងបានបញ្ជាក់អំពីលទ្ធផលចម្បងៗដែលក្រសួងបរិស្ថាន និងទិសដៅការងារសំខាន់ៗ ដែលត្រូវអនុវត្តនៅក្នុងការងារកំណែទម្រង់កិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការគ្រប់គ្រងធនធានធម្មជាតិ ។
សមាជិក សមាជិកា រដ្ឋសភា និងព្រឹទ្ធសភា បានវាយតម្លៃខ្ពស់ដល់ការដឹកនាំរបស់ថ្នាក់ដឹកនាំក្រសួងបរិស្ថានចំពោះសមិទ្ធិផលដែលសម្រេចបានកន្លងមកនិងផែនការការងារនាពេលអនាគត។ កិច្ចប្រជុំពេញបានសម្រេចបញ្ជូន «សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ» ទៅគណៈកម្មាការអចិន្ត្រៃយ៍នៃរដ្ឋសភា ដើម្បីសុំការអនុម័តជាបន្ត៕
មតិយោបល់