ភ្នំពេញៈ នឹកឃើញគំនុំចាស់រវាងព្រះសង្ឃ២អង្គ បានដាក់ធម៌ខន្តីចុះ ផ្ទុះហិង្សារក្នុងវត្តទួលសំរោង បណ្តាលឲ្យព្រះសង្ឃ១អង្គរងរបួសបែកព្រះកេស បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៧យប់ ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៧ ក្នុងវត្តទួលសំរោង សង្កាត់ដង្កោ ខណ្ឌដង្កោ ។
ព្រះសង្ឃរងគ្រោះមានព្រះនាម វ៉ា សែម ព្រះជន្ម៤៦ព្រះវស្សា គង់នៅក្នុងវត្តទួលសំរោង រងរបួសដេរ១២ថ្នេរ ។ ចំណែកព្រះសង្ឃបង្កព្រះនាម អ៉ី វ៉ាហៃ ព្រះជន្មប្រហែល ២៥ព្រះវស្សា គង់នៅក្នុងវត្តទួលសំរោង និងមួយអង្គទៀត មិនស្គាល់ព្រះនាម។
ប្រភពព័ត៌មានពីលោកតាអាចារ្យនិងព្រះសង្ឃដែលគង់នៅវត្តទួលសំរោងបានបង្ហើបឲ្យដឹងថា មូលហេតុឈានដល់ការបង្ហូរឈាមដាក់គ្នារវាងព្រះសង្ឃនិងព្រះសង្ឃនេះគឺភាគីទាំងសងខាងធ្លាប់មានទំនាស់ពាក្យសម្ដីគ្នាកន្លងមក។
ក្រោយពេលកើតហេតុព្រះសង្ឃដែលរងរបួសត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យឯកជនសួគា។ ចំណែកសង្ឃដៃដល់ទាំង២អង្គសមត្ថកិច្ចនគរបាលប៉ុស្តិ៍ដង្កោកំពុងតែសុំគោលការណ៍ថ្នាក់លើចាត់ការតាមនិតិវិធីនៅពេលក្រោយ៕
មតិយោបល់