បន្ទាយមានជ័យៈ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានប្រាប់Post Newsថា មុខសញ្ញាផលិតនិងជួញដូរគ្រឿងញៀន២នាក់ឪពុកកូន ត្រូវបានកម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ ឃាត់ខ្លួននៅថ្ងៃទី៥ ខែ ធ្នូ ឆ្នាំ២០១៧ នៅចំណុចផ្ទះទុកចោលមួយកន្លែង ស្ថិតក្នុងភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខណៈដែលអនុវត្តដីកាឲ្យចាប់លេខ១១០ ចុះថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៧ របស់ចៅក្រមសាលាដំបូងខេត្ត និងឆែកឆេររកឃើញថ្នាំញៀនជាក់ស្តែង។
ជនជាប់ចោទខាងលើនេះ មានឈ្មោះ សុខ ចិន្តា ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរធ្វើស្រែរស់នៅ ភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ដកហូតរថយន្តម៉ាកវីហ្គូ ពណ៌កណ្តុរប្រមេះ ចង្កូតស្តាំ ពាក់ស្លាកលេខ PP 2559 ខ្សែកលោហៈធាតុពណ៌លឿង១ខ្សែប្រវែង ៧៧ ស.ម ទាំងបណ្តោង និងទូរសព្ទដៃចំនួន៣គ្រឿង រកឃើញថ្នាំញៀនប្រភេទមេតំហ្វេតាមីនគ្រាប់មួយស្បោងធំស្មើរនឹង៣៣៧គ្រាប់ស្មើនិងទម្ងន់០.៥៦ក្រាម ដែលលាក់ទុកក្នុងបាវស្រូវ ហើយបានបន្តឃាត់ខ្លួនយុវជនម្នាក់ទៀតឈ្មោះ គីម សាវ័ន្ត អាយុ ៣៥ឆ្នាំ ជាកូនបង្កើតជនសង្ស័យខាងលើ។
បានបញ្ជាក់ផងដែរថា ជនសង្ស័យឈ្មោះ សុខ ចិន្តា គឺជាមុខសញ្ញាផលិតនឹងចែកចាយដ៏ធំមួយនៅក្នុងស្រុកម៉ាឡៃ។ ក្រោយមានដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់ចៅក្រមសាលាដំបូងខេត្ត ជននេះបានធ្វើការចល័តទីលំនៅដើម្បីគេចវេសពីការតាមចាប់របស់សមត្ថកិច្ច ហើយនៅថ្ងៃចាប់ខ្លួនជនសង្ស័យបានបង្ហាញខ្លួននៅទីតាំងខាងលើក្នុងគោលបំណងផលិតទើបកម្លាំងជំនាញយើងចាប់ខ្លួនបានតែម្តង តែសោកស្តាយដែរដែលយើងរកមិនឃើញឧបករណ៍ផលិតគ្រឿងញៀនរបស់ជនសង្ស័យ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ឪពុកកូនត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យរួចហើយ។
មតិយោបល់